សៀមរាប ៖
នៅវលាម៉ោង១៤និង៥៨នាទី រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូនិងរថយន្ត ស្ថិតនៅមុខមណ្ឌលសុខភាព ឃុំសសរស្តម្ភ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤២និង៣៤៣ ភូមិគោកព្នៅ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ។
តាមការបញ្ជាក់របស់លោកវរៈសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យស្ត្រីវ័យចំណាស់ម្នាក់បានបាត់បង់ជីវិត និង ម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ខណៈបើកម៉ូតូមិនប្រុងប្រយ័ត្នបណ្ដាលឲ្យរថយន្តបុកចំ ពេញទំហឹង ។
ភាគីរថយន្តម៉ាក HYUNDAI E-MIGHTY ពណ៌ស ឆ្នាំផលិត ២០០៧ ពាក់ផ្លាកលេខ បាត់ដំបង 3A-4768 ប្រភេទដឹកទំនិញធុនធ្ងន់ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលក្រោយពេលកើតហេតុ បានចុះរត់គេចខ្លួនបាត់ស្រមោល ។ រីឯភាគីម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅផលិត២០០៥ ពាក់ផ្លាកលេខ ប-មានជ័យ 1A-6397 បើកបរដោយឈ្មោះ ភី ម៉ៅ ភេទស្រី អាយុ ៧០ឆ្នាំ នៅភូមិគោកកណ្តាល ឃុំសសរស្តម្ភ ស្រុកពួក និងដឹកមនុស្ស១នាក់ទៀតឈ្មោះ ភោក យ៉ម ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិឃុំជាមួយគ្នា។
បើតាមសមត្ថកិច្ចសន្និដ្ឋានថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ អាចអ្នកបើកបរម៉ូតូបើកបរបត់ឆ្វេង មិនបានប្រយ័ត្ន ហើយ រថយន្តបើកបរក្នុងល្បឿនលឿននៅទីប្រជុំជន។ ក្រោយកើតហេតុ កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សសរស្ដម្ភ បានចុះវាស់វែងកន្លែងកើតហេតុ និង បានប្រគល់សាកសពដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពីណី និងប្រមូលវត្ថុតាងពាក់ព័ន្ធ យកមករក្សាទុកនៅអង្កភាព ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕