បុគ្គលដែលមានឈ្មោះបោះសំឡេងនៅក្នុងវិស័យសិល្បៈ ណុប ដាណេ និង សុផល កាត់ដេរ ថ្មីៗនេះ បានផ្តល់បទសំភាសន៍មួយទាក់ទងនឹងទំនាក់ទំនងរបស់ពួកគេ ក្រោយមហាជនសង្កេតឃើញថា ទំនាក់ទំនងមួយនោះមានភាពស្និទ្ធិស្នាលជ្រុល លើសពីមិត្តយល់ចិត្តទៅទៀត។ ជាការពិតណាស់ តាមរយៈសកម្មភាពស្និទ្ធិស្នាលរបស់ពួកគេទាំងពីរ ដែលតែងតែបានបង្ហាញនៅលើបណ្តាញសង្គមជាញឹកញាប់ និងតែងតែលេចមុខជាគូនៅតាមកម្មវិធីតូចធំនានា បានធ្វើឱ្យមហាជនដាក់ការសន្និដ្ឋានថា ទំនាក់ទំនងមួយនេះអាចឈានទៅដល់ភាពស៊ីជម្រៅ ពោលគឺមានសម្ព័ន្ធភាពស្នេហាជាមួយគ្នាផងដែរ។

 យ៉ាងណាមិញ ថ្មីៗនេះ ណុប ដាណេ និងសុផលកាត់ដេរ បានបញ្ជាក់ច្បាស់ៗនៅពីមុខអ្នកសារព័ត៌មានជាច្រើននាក់ ជុំវិញភាពស្និទ្ធិស្នាលនេះថា ពួកគេគ្រាន់តែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះ ដែលទំនាក់ទំនងមួយនេះ មិនអាចឈានទៅដល់ការកើតជាសម្ព័ន្ធភាពស្នេហាជាមួយគ្នានោះទេ។ ណុប ដាណេ ក៏បានបញ្ជាក់បន្ថែមពីមូលហេតុដែលធ្វើឱ្យមានភាពស្និទ្ធិស្នាលជាមួយសុផល កាត់ដេរ ដែរថា កាលដែលលោកមានភាពស្និទ្ធិស្នាលនឹងគ្នាបែបនេះ ក៏ដោយសារតែលោក និងសុផល កាត់ដេរ គឺជាអ្នកភូមិផងរបងជាមួយ ដែលរាប់អានគ្នាតាំងពីតូចមកម្ល៉េះ ដូចនេះទើបធ្វើឱ្យមានភាពស្និទ្ធិស្នាលជ្រុលរហូតមានបងប្អូនមួយចំនួនបានយល់ច្រលំបែបនេះ។

ជាចុងក្រោយ លោកទាំងពីរក៏បានផ្តាំផ្ញើទៅកាន់បងប្អូនថា ឈប់បន្តការយល់ច្រលំទៅលើសម្ព័ន្ធភាពរបស់ពួកលោកទៀតអី ដោយការស្និទ្ធិស្នាលដែលបងប្អូនបានឃើញនៅលើបណ្តាញសង្គមនោះ គឺគ្រាន់តែជាទំនាក់ទំនងបែបមិត្តភក្តិ ឬបងប្អូននឹងគ្នាតែប៉ុណ្ណោះ។ លោកក៏បានបន្តទៀតថា បើសិនជាមានបងប្អូនរូបណា ស្រឡាញ់លោកពិតប្រាកដ អាចចូលមកតាមផ្លូវទៅតាមច្បាប់បាន ដោយបេះដូងរបស់លោកទាំងពីរ គឺនៅទំនេរស្អាតដដែល៕