ភ្នំពេញ៖ ទ័ព ឬក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ នឹងត្រូវប្រកួតជាមួយ គិរីវង់សុខសែនជ័យ នៅ ថ្ងៃទី៨ មីនា ឆ្នាំ២០២៥ វេលាម៉ោង ៦:០០ល្ងាច នៅកីឡដ្ឋានស្ដាតចាស់ ក្នុងក្របខណ្ឌ លីគកំពូលកម្ពុជា។ ក្រុមទ័ពអស់ឱកាសដណ្ដើមជើងឯកលីគកំពូលកម្ពុជាហើយ ប៉ុន្ដែ លោក ភា សុភ័ក្ដ្រា គ្រូបង្វឹកក្រុមកងយោធពលខេមរភូមិន្ទ នៅតែផ្ដោតលើជ័យជម្នះជាធំ ព្រោះដើម្បីរក្សានូវកេរ្តិ៍ឈ្មោះ ក្រុមដែលមានវ័យចំណាសមួយនេះ។
នេះគឺជាជំនួបជើងទី៣ ដែលក្រុមទាំង២ បានជួបគ្នាក្នុងក្របខណ្ឌលីគកំពូលកម្ពុជា នារដូវ កាល ២០២៤-២០២៥។ ក្នុងជើងទី១ កាលពីថ្ងៃទី២៧ តុលា ២០២៤ ក្រុមកង យោធពល ខេមរភូមិន្ទ បានលុត គិរីវង់សុខសែនជ័យ លទ្ធផល៧-១ នៅកីឡដ្ឋានគិរីវង់។ ចំណែកជើង ទី២ នៅថ្ងៃទី១០ កុម្ភៈ ២០២៥ ក្រុមទាំង២ បានត្រឹមស្មើក្នុងលទ្ធផល១-១ នៅកីឡដ្ឋាន ស្ដាតចាស់។ ដោយឡែក ក្រុមទាំង២ សុទ្ធតែអស់ឱកាសប្រជែងយកជើងឯកលីគរដូវកាលនេះ។ បច្ចុប្បន្ន ក្រុមកងយោធពលខេមរភូមិន្ទ នៅចំណាត់ថ្នាក់លេខ៨ មាន ១៩ពិន្ទុ ខណៈ គិរីវង់សុខសែនជ័យ មាន៩ពិន្ទុ នៅចំណាត់ថ្នាក់លេខ១០។ទោះមិនមែនជាការប្រជែងជើងឯក លោក ភា សុភ័ក្ដ្រា នៅតែជំរុញឲ្យកូនក្រុមខ្លួនប្រជែង យកជ័យជម្នះ ព្រោះយល់ថាជាការរក្សានូវកេរ្ដិ៍ឈ្មោះក្រុម ដែលជាក្រុមមានវ័យ ចំណាស់ មួយ ក្នុងលីគកម្ពុជា។
គ្រូបង្វឹកទ័ព្ធរូបនេះ បាននិយាយថា៖ «យើង មិនមានការប្រជែងយកពាន ឬព្រឹត្តិការណ៍ធំៗ ណាទេ។ យើង គ្រាន់តែប្រឹង គឺគ្រាន់តែពីរក្សាកិត្តិនាមក្រុម ដែលជាក្រុមចំណាស់មួយ ហើយមិនចង់ធ្លាក់ទៅចំណាត់ថ្នាក់លេខ១០ ឬលេង១១ទេ។»។
ដោយឡែក ២ប្រកួតជាមួយគិរីវង់ក្នុងរដូវកាលនេះ បានបន្សល់នូវភាពសោកសៅមួយចំនួន ដោយសារការប៉ះទង្គិចគ្នា ជាហេតុនាំឲ្យរបួសកីឡាករមួយចំនួន។ លោក សុភ័ក្ដ្រា និយាយថាជំនួបលើកទី៣នេះ នឹងប្រុងប្រយ័ត្ន ហើយការពារឲ្យបានល្អបំផុត ដើម្បីកុំឲ្យមានការរបួសកីឡាករធ្ងន់ធ្ងរទៀត។«នេះ គឺជាការជួបគ្នាលើកទី៣ ក្នុងក្របខ័ណ្ឌលីគកំពូល CPL។ កាលពីជើងទី២ ដែលយើងប្រកួតជាមួយគ្នាកន្លងមក បានបន្សល់នៅភាពសោកសៅមួយចំនួន ជាពិសេស គឺជាការប៉ះទង្គិចគ្នា ដែលធ្វើឲ្យយើង កាន់តែមានការប្រុងប្រយ័ត្នខ្លាំងមែនទែន។»។ លោក សុភ័ក្ដ្រា បាននិយាយដូច្នេះ។
គួរបញ្ជាក់ផងដែរថា ព្រះខ័នរាជស្វាយរៀង នៅតែបន្ដឈរចំណាត់ថ្នាក់លេខ១ ដោយមាន៥៨ពិន្ទុ តាមពីក្រោយយ៉ាងប្រកៀកប្រកិត ដោយភ្នំពេញក្រោន ចំណាត់ថ្នាក់លេខ២ មាន៥៤ពិន្ទុ។ ចំណែកក្រុមចំណាត់ថ្នាក់លេខ ៣ វិសាខា ក្រោយឈ្នះ ណាហ្គាវើលដ៍ កាន់តែ មានឱកាសប្រជែកយកជើងឯកលីគ ដោយមាន៥០ពិន្ទុ។រីឯអង្គរថាយហ្គឺរ ក្រុមដែលមានទីតាំងនៅខេត្តសៀមរាបនេះ នៅតែពិបាករក្សាតំណែង Top 4 មាន៤០ពិន្ទុ តាមពីក្រោយដោយ ណាហ្គាវើលដ៍ ចំណាត់ថ្នាក់លេខ៥ មាន៣៦ពិន្ទុ។ ក្រុមបឹងកេត នៅចំណាត់ថ្នាក់លេខ៦ មាន៣០ពិន្ទុ។
ចំណែក៥ក្រុមខាងក្រោម ក្នុងតារាងពិន្ទុលីគកំពូលកម្ពុជា អាយ អេស អាយ ដង្កោសែន ជ័យ មាន២៧ពិន្ទុ នៅចំណាត់ថ្នាក់លេខ៧ ខណៈ កងយោធពលខេមរៈភូមិន្ទ មានត្រឹម១៩ពិន្ទុ និងតាមពីក្រោយដោយឡាយហ្វ ព្រះសីហនុ ចំណាត់ថ្នាក់លេខ៩ មាន១៦ពិន្ទុ។ គីរីវង់សុខសែនជ័យ នៅចំណាត់ថ្នាក់លេខ១០ មាន៩ពិន្ទុ ខណៈ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ បាតតារាង មាន៥ពិន្ទុ៕