ភ្នំពេញ ៖
កម្មករសំណង់ម្នាក់ បានបោកក្បាលស្លាប់នៅនិងកន្លែង ខណៈពេលដែលជិះ ម៉ូតូមួយគ្រឿង ទៅបុកនិងរថយន្តឃ្លុបដឹកទំនិញមួយគ្រឿង នៅចំណុចផ្លូវបំបែកជាបួន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១០នាទីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកជាបួន លើមហាវិថីឌីប៉ុក កែងផ្លូវ៣០ម៉ែត្រ ក្នុងភូមិ កប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ឈ្មោះ ឃួន សាវឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិអង្គខ្ជាយខាងត្បូង ឃុំដាន់គោម ស្រុកអង្គរជ័យ ខេត្តកំពត បានបោកក្បាលស្លាប់នៅកន្លែងកើតហេតុ។
តាមនគរបាលឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3F-4339 ចំនួន០១គ្រឿង អ្នកបើកបរឈ្មោះអ៊ឹម ច័ន្ទរិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបានឃាត់ខ្លួននិងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1AA-9936 ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងខាងលើ ធ្វើ ដំណើតាមផ្លូវឌីប៉ុក ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់កន្លែងកើតហេតុកែងផ្លូវ៣០ម៉ែត្រ មានម៉ូតូ០១គ្រឿង របស់ជនរងគ្រោះ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងមកបុករថយន្តពេញទំហឹងចំចំហៀងខាងស្តាំ បណ្តាលឲ្យបោកក្បាលស្លាប់នៅកន្លែង។បន្ទាប់ពីកើតមានគ្រោះថ្នាក់ អ្នកបើកបររថយន្តនិងព្រូម្នាក់ បានព្យាយាមបើកគេចរហូតមកដល់បុរីពិភពថ្មីឈូកវ៉ា១ប្រមាណជាង១គីឡូម៉ែត្រ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យចររាចរណ៍ផ្លូវគោកដើម្បីបន្តនីតិវិធី៕