ភ្នំពេញ៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សំណូមពរឲ្យកីឡាករ-កីឡាការិនី គ្រូបង្វឹក មន្ដ្រីកីឡាប្រដាល់គុនខ្មែរ អ្នកគ្រប់គ្រងការផលិតមាតិកាលើបណ្តាញសង្គម (Admin) និងភាគីពាក់ព័ន្ធទាំងអស់ ដោះស្រាយបញ្ហាជាមួយគូវិវាទ តាមរយៈការសន្ទនាតាមឆាតផ្ទាល់ខ្លួន ឬក៏ការជែករកដំណោះស្រាយ ជាជាងបង្ហោះសារឌឺដងគ្នា ជាសាធារណៈ។ ប្រធានសហព័ន្ធដដែលបាន បន្ថែមទៀតថា វិវាទភាគច្រើន កើតចេញពីការប៉ះពាល់ប្រយោជន៍ផ្ទាល់ខ្លួន ប៉ុន្ដែអ្នកទាំងនោះ បានយកគុនខ្មែរបាំងមុខ ដែលជាហេតុនាំឲ្យជះឥទ្ធិពលអាក្រក់ ដល់ប្រយោជន៍កីឡាអត្ដសញ្ញាណជាតិមួយនេះ។
ជាឧទាហរណ៍ អ្នកគាំទ្រជាច្រើន រិះគន់ និងជេរប្រមាថកីឡាករបាល់ទាត់, កីឡាករ ជេរមន្ដ្រីអាជ្ញាកណ្ដាល, គ្រូបង្វឹក ឈ្លោះគ្នាជាមួយ អ្នកផលិតមាតិកាគុនខ្មែរ, កីឡាករ ធ្វើពហិការមិនប្រកួតសង្វៀនឯកជន ជាដើម។ល។ ករណីជម្លោះទាំងនេះ បានកើតឡើងក្នុងកាលពីអំឡុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ហើយករណីខ្លះស្ថិតក្នុង ដែនសមត្ថកិច្ចរបស់សហព័ន្ធកីឡាជាតិ និងខ្លះទៀតជាជម្លោះរវាងបុគ្គល និងបុគ្គល ដែលស្ថិតក្រៅដែនសមត្ថកិច្ចរបស់សហព័ន្ធកីឡាជាតិ។
ឯកឧត្តម ខូវ ឆាយ យល់ថា នេះគឺដោយសារតែទំនោរសង្គមនៅក្នុងសម័យបច្ចេកវិទ្យា ដែលជំរុញឲ្យបុគ្គលមួយចំនួន ប្រើប្រាស់បណ្ដាញសង្គម យកមកឈ្លោះទាស់ទែងគ្នា។ ដោយឡែក នេះគឺជាសិទ្ធិ និងឯកជនភាពរបស់បុគ្គលម្នាក់ៗ ក្នុងការបញ្ចេញមតិ ឬក៏ផុសលើបណ្ដាញសង្គម។
ប្រធានសហព័ន្ធរូបនេះ បញ្ជាក់ថារូបលោក មិនមានសិទ្ធិក្នុងការដោះស្រាយបញ្ហាជម្លោះបុគ្គលឡើយ។ ប៉ុន្ដែដើម្បីដោយសារបុគ្គលទាំងនោះជាភាគីពាកព័ន្ធនឹងវិស័យកីឡាគុនខ្មែរ ឯកឧត្តម ខូវ ឆាយ គ្រាន់តែអាចជួយសម្របសម្រួលប៉ុណ្ណោះហើយចំពោះការធ្វើតាម ឬមិនធ្វើតាម គឺស្ថិតនៅលើភាគីជម្លោះ។ ទោះជាសិទ្ធិបុគ្គលក្នុងការបញ្ចេញមតិក៏ដោយ ភាគីជម្លោះ មិនត្រូវធ្វើឲ្យហួសព្រំដែននៃសិទ្ធិខ្លួនឯង ឬជេរប្រមាថភាគីម្ខាងទៀតឡើយ ដែលហេតុនាំឲ្យមានទោសខុសនឹងច្បាប់ទៅវិញ។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាម ថា៖«នេះ គឺជាសិទ្ធិបុគ្គល ប៉ុន្ដែខ្ញុំក៏បានសំណូមពរ ទៅភាគីពាក់ព័ន្ធក្នុងការរួបរួមគ្នា ធ្វើការផ្សព្វផ្សាយគុនខ្មែរ ប៉ុន្ដែទាក់ទងរឿងជម្លោះនោះ គឺជាជម្លោះបុគ្គល។ ដូច្នេះយើង មិនអាចលូកលាន់បានដែរ។»។
ជម្លោះក្នុងវិស័យកីឡានេះ ភាគច្រើនកើតចេញពីការប៉ះពាល់ផលប្រយោជន៍បុគ្គល ហើយបុគ្គលទាំងនោះ គឺជាអ្នកពាក់ព័ន្ធនឹងវិស័យកីឡាគុនខ្មែរ។
«មនុស្សមួយចំនួន ធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយបើធ្វើអ្វីប៉ះពាល់ប្រយោជន៍គ្នា នឹងបង្កឲ្យកើតជាជម្លោះ។ ជម្លោះកើតឡើងភាគច្រើន គឺដោយសារប៉ះពាល់ផលប្រយោជន៍។ បញ្ហានេះ យើងពិបាកនឹងដោះស្រាយបន្ដិច ដោយសារតែប៉ះពាល់ប្រយោជន៍រៀងខ្លួន។»។
ឯកឧត្តម ខូវ ឆាយ សំណូមពរឲ្យអ្នកទាំងនោះ ព្យាយាមសម្របសម្រួលគ្នា ដោយផ្អែកលើស្មារតីរួបរួមផ្សព្វផ្សាយដើម្បីប្រយោជន៍គុនខ្មែរ ដើម្បីប្រយោជន៍ជាតិ និងប្រព្រឹត្តទង្វើដែលធ្វើឲ្យប៉ះពាល់ដល់វិស័យគុនខ្មែរ៕