ភ្នំពេញ ៖ 

ប្រជាកសិករម្នាក់ បានទៅបូមទឹករណ្ដៅដីមួយកន្លែងដាក់ស្រែប្រាំងរបស់ខ្លួន ស្រាប់តែប្រទះឃើញសពបុរសអាក្រាតកាយម្នាក់ ស្លាប់អណ្ដែតនៅក្នុងទឹករណ្ដៅដី ក៏បានប្រាប់អ្នកភូមិ បង្កឲ្យមានការភ្ញាក់ផ្អើល និង រាយការណ៍ប្រាប់នគរបាលឲ្យចុះទៅ ពិនិត្យ។ ហេតុការណ៍ភ្ញាក់ផ្អើលនោះ បានកើតឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅចំណុចរណ្ដៅដី ភូមិស្នោរលិច សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ 

សាកសពបុរសនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ ដោយស្ថានភាពសពអាក្រាតកាយទាំងស្រុង និងត្រូវបានគេសង្ស័យស្លាប់ដោយអំពើឃាតកម្ម ហើយអាចស្លាប់រយៈពេល១អាទិត្យកន្លងមកហើយដែរ ។

បើតាមបុរសម្នាក់ដែលជាអ្នកប្រទះឃើញសពនេះមុនគេ បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានចេញពីផ្ទះទៅបូមទឹករណ្ដៅដីខាងលើ ដើម្បីដាក់ដាក់ស្រូវស្រែប្រាំងរបស់គាត់ លុះពេលទៅដល់ស្រាប់តែប្រទះឃើញសាកសពបុរខាងលើអណ្ដែតនៅទីនោះ ។ គាត់មិនបានដឹងថាជនរងគ្រោះគឺជានរណាឡើយ ហើយ គាត់ក៏ខានអត់បានទៅបូមទឹកដាក់ស្រែរយៈពេល១អាទិត្យមកហើយដែរ ទើបតែថ្ងៃកើតហេតុទៅបូមទឹក ក៏ប្រទះឃើញបែបនេះ ហើយក៏រាយការណ៍ជូនសមត្ថកិច្ចឲ្យទៅពិនិត្យមើលតែម្ដង ។ 

ក្រោយពីទទួលបានដំណឹងនេះ កម្លាំងនគរបាលប៉ុស្តិ៍ស្នោរ បានចុះទៅកាន់ទីនោះធ្វើការពិនិត្យជុំវិញកន្លែងកើតហេតុនិងរាយការណ៍បន្តទៅកាន់នគរបាលខណ្ឌកំបូល ដើម្បីផ្ដល់ដំណឹងទៅកាន់នគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យរកអត្តសញ្ញាណជនរងគ្រោះ និងមូលហេតុនៃការស្លាប់នេះហើយ ៕