លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងគូសបញ្ជាក់ នៅក្នុងព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ក្រោមប្រធានបទ ឆ្ពោះទៅមុខដើម្បីស្ត្រី នាព្រឹកថ្ងៃទី៨ ឆ្នាំ២០២៥នេះថា  ការរៀបចំព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអានុភាពរបស់ស្ត្រីក្នុងសកម្មភាពកីឡា ហើយអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ដែលជាថ្ងៃរម្លឹកខួប ១១៤ឆ្នាំពីសិទ្ធិសេរីភាពស្មើគ្នារវាងបុរស និងស្ត្រី។

លោកជំទាវ បណ្ឌិត ពិតជាមានក្តីសោមនស្សរីករាយក្រៃលែង នៅពេលដែលឃើញប្រជាពលរដ្ឋទាំងចាស់ ក្មេងចូលរួមព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ក្នុងឆ្នាំ២០២៥ នេះយ៉ាងច្រើនកុះករ ដែលមានចំនួនច្រើនជាង ៣០០០នាក់។ នេះជាការបង្ហាញឱ្យឃើញពីការផ្តោតលើវិស័យកីឡា ការគិតគូរពីសុខភាព និងការរួមសាមគ្គីគ្នារវាងបុរស និងស្ត្រី ដើម្បីលើកស្ទួយសង្គមជាតិយើងឱ្យកាន់តែរីកចម្រើន។

លោក ជំទាវ បានបញ្ជាក់ទៀតថា កីឡាករ កីឡាការិនីជាង ៣០០០ នាក់បានចូលរួមរត់ក្នុងព្រឹតិ្តការណ៍រត់ប្រណាំងប្រកបដោយទឹកមុខសប្បាយរីករាយ ស្នាមញញឹម ដែលចាប់ផ្តើមពីសួនច្បារ មុខវត្តបទុមវត្តី បន្តទៅកោះពេជ្រ និងឆ្លងកាត់កោះនរា ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។

កញ្ញា គី សៀងវី អ្នកចូលរួមរត់មួយរូបបានបង្ហាញអារម្មណ៍រំភើប និងរីករាយ ព្រោះការរត់នេះមិនត្រឹមតែទទួលបានសុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កើតបាននូវទំនាក់ទំនងជាមួយមិត្តភ័ក្កបានកាន់តែច្រើនជួយឱ្យអារម្មណ៍ស្រស់ស្រាយបំបាត់នូវភាពធុញថប់ថែមទៀតផង។

កញ្ញា បានលើកឡើងបន្ថែមទៀតថា ព្រឹត្តិការណ៍រត់នេះ មិនត្រឹមតែជួយលើកកម្ពស់ស្រ្តីចូលរួមក្នុងវិស័យកីឡាប៉ុណ្ណោះនោះទេ ប៉ុន្តែវាបានបង្ហាញភាពរឹងមាំរបស់ស្រ្តីអាចធ្វើការងារអ្វីជាច្រើនបានដូចបុរសដែរ។

ជាមួយគ្នានេះ លោក Loke Kah Meng អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ គូសបញ្ជាក់ថា លោកពិតជាមានមោទកភាព ក្នុងការសហការជាមួយ NOCC ហើយក្រុមហ៊ុនរបស់លោក នៅតែបន្តជាម្ចាស់ឧបត្ថម្ភធំ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រ រយៈពេល៤ ឆ្នាំមកហើយ។ លោកបានបន្ថែមថា លើសពីនេះក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់វិភាគទានចំនួន ២០០០ រៀល ក្នុងអ្នកចូលរួមម្នាក់ដែលបានចុះឈ្មោះ ជាមួយនឹងអំណោយសរុបដល់ទៅ ៨ ០០០ ០០០ រៀល។ ថវិកាទាំងនេះនឹងត្រូវផ្តល់ទៅអង្គការចំនួនពីរ គឺមជ្ឈមណ្ឌលវិបត្តិស្ត្រីកម្ពុជា (CWCC) និង Women Are Gold (WAG)។ មូលនិធិនឹងប្រើប្រាស់លើការផ្តល់ជូនសម្ភារសិក្សា សម្ភារបណ្ណាល័យ នឹងគាំទ្រកម្មវិធីបណ្តុះបណ្តាលផ្សេងៗដូចជា ភាពជាអ្នកដឹកនាំរបស់សហគ្រិន ការរៀបចំផែនការហិរញ្ញវត្ថុ ឬការគ្រប់គ្រងហិរញ្ញវត្ថុជាដើម៕