ភ្នំពេញ៖ 

រថយន្តលាយបេតុង១គ្រឿង ខណៈកំពុងបើកបរតាមផ្លូវលេខ១០៤ ខណៈទៅដល់ត្រង់ចំណុចភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ រួចក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយទាំងកំរោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ។

ឧប្បត្តិហេតុនេះ ពុំបានបណ្ដាលឲ្យអ្នកបើកបរ ឬអ្នកដំណើរណាម្នាក់ រងរបួសនោះទេ ហើយក៏មិនបានប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋនិងឯកជននោះដែរ ចំណែកអ្នកបើកបរនិយាយថា គាត់ បើកគេចចេញពីម៉ូតូ១គ្រឿងនៅខាងមុខ ទើបជួបរឿងបែបនេះ ។

ប្រជាពលរដ្ឋ បាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានឃើញរថយន្តលាយបេតុង១គ្រឿង ពណ៌ស ឆ្នូតក្រហម បើកបរលឿនក្នុងទិសដៅពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតធ្លាក់ផ្លូវ រួចក៏ក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយគ្មានទឹកទាំងកំរោល ដោយពុំដឹងថាមានមូលហេតុអ្វីនោះឡើយ ។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍រលួស បានចុះទៅពិនិត្យជាក់ស្តែង ហើយដោយសារតែរថយន្តនោះក្រឡាប់ដោយខ្លួនឯង មិនបានបង្កការប៉ះពាល់ដល់អ្នកដ៏ទៃនោះ នគរបាលក៏បានឲ្យម្ចាស់ហៅរថយន្តស្ទូចទៅស្ទូចយករថយន្តខាងលើ ទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕