កំពង់ស្ពឺ៖ 

ក្រុមជនសង្ស័យជាមុខសញ្ញារក្សាទុកជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ធ្វើការបង្រ្កាបបាន និងដកហូតវត្ថុតាងជាង២០កញ្ចប់។

ការបង្ក្រាបមុខសញ្ញាយ៉ាងសកម្មពាក់ព័ន្ធគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចក្នុងព្រៃមាត់ស្ទឹង ស្ថិតនៅក្នុងភូមិពាម ឃុំសង្កែសាទប  ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកឱរ៉ាល់ បាននិយាយឱ្យដឹងថា មុនពេលឃាត់ខ្លួនក្រុមមុខសញ្ញាខាងលើ គឺ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននិងកម្លាំងសហការនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់  បានធ្វើការស្រាវជ្រាវ រហូតដល់ឈានទៅឃាត់ខ្លួនមុខសញ្ញារក្សាទុកជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ចំនួន០៤នាក់។

ក្រោយធ្វើការឃាត់ខ្លួនក្រុមមុខសញ្ញាខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាល បានដកហូតសម្ភារ:វត្ថុតាងរួមមានដូចខាងក្រោម៖

១/ ម្សៅក្រាម ពណ៌ស សង័្សយថាជាគ្រឿងញៀនចំនួន២១កញ្ចប់(ក្នុងនោះ២០កញ្ចប់តូច និង១កញ្ចប់មធ្យម) 

២/ ម៉ូតូចំនួន០២គ្រឿង

៣/ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកវីវ៉ូ០១គ្រឿងនិងម៉ាកអូប៉ូ០១គ្រឿង ។ 

៤/ខ្សៀសម្រាប់ជក់គ្រឿងញៀនចំនួន០១។   

៥/សំភារ:សម្រាប់វេចខ្ចប់មួយចំនួនថែមទៀតផង។                       

បច្ចុប្បន្ន ក្រុមជនសង្ស័យរួមជាមួយនិងសម្ភារ:វត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕