ភ្នំពេញ ៖
មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ខណៈអ្នកភូមិប្រទះឃើញបុរសអ្នករើសអេតចាយពេលយប់ម្នាក់ដេកស្លាប់លើកៅអីថ្ម មុខសាលាបុណ្យភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមអ្នកភូមិខាងលើ បានប្រាប់ឲ្យដឹងថា បុរសដែលស្លាប់ខាងលើនោះ មានឈ្មោះ កង អ៊ុយ អាយុ៤១ឆ្នាំ ស្នាក់នៅភូមិកើតហេតុនោះដែរ គាត់គឺ ជាអ្នកអូសរទេះដើររើស អេតចាយពេលយប់ ។ ដោយឡែក នៅវេលាម៉ោងប្រហែង៣ទៀបភ្លឺ ថ្ងៃកើតហេតុបុរសនោះ បានទៅដេកនៅលើកៅអីថ្មនៅមុខសាលាបុណ្យភូមិ ដោយយកជើងគងលើរទេះ អេតចាយរបស់គាត់ ។
អ្នកភូមិ បានប្រាប់ទៀតថា ខណៈនោះមិនមាននរណាដាស់គាត់ទេ ព្រោះឃើញគាត់ដេកលក់ស្រួល នឹកស្មានថាគាត់អស់កម្លាំង លុះដល់វេលាម៉ោង៦ព្រឹកថ្ងៃដដែល ដោយអត់ឃើញបុរសនេះក្រោកទៅណាសោះ ពួកគាត់ក៏បានចូលទៅដាស់ ស្រាប់តែឃើញស្លាប់បាត់ទៅហើយ ជាហេតុបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ បន្ទាប់មក ពួកគាត់ បានរាយការណ៍ជូនអាជ្ញាធរភូមិដើម្បីជួយរាយការណ៍បន្តទៅកាន់សមត្ថកិច្ចឲ្យជួយចុះទៅមើល និងធ្វើកោសល្យវិច័យ ហើយសមត្ថកិច្ចដាក់ការសង្ស័យថា បុរសនេះស្លាប់ដោយជំងឺខ្យល់គ ៕