កំពង់ស្ពឺ ៖
ក្រុមជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ខណៈដែលធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូស៊េរីទំនើប(ផលិតឆ្នាំ២០២៥) ពីជនរងគ្រោះបានសម្រេចគេចខ្លួនបាន០៤ថ្ងៃ នគរបាលក្របួចទាំងសំបុក ។
ការស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យជាចោរប្លន់ម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកបសេដ្ឋ បាននិយាយឱ្យដឹងថាក្រុមជនសង្ស័យជាចោរប្លន់ដែលឃាត់ខ្លួនបាន នោះទី១- ឈ្មោះ គិន ចំណាប់ ភេទប្រុស អាយុ១៧ឆ្នាំ ទី២-ឈ្មោះ វ៉ាន់ ប៊ុនធា ហៅ វ៉ាន់ ប៊ុនធឿន ភេទប្រុស អាយុ១៩ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិ ត្រពាំងផុងថ្មី ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាជនដៃដល់) ។ ទី៣- ឈ្មោះ គឹម ដែន ភេទប្រុស អាយុ១៨ឆ្នាំ រសនៅភូមិឃ្លោក ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី៤- ឈ្មោះ រិន ចាន់ធូ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃបាក្រុង ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះវ៉ាន់ ប៊ុនធា ហៅវ៉ាន់ ប៊ុនធឿន និងបក្ខពួក០៣នាក់ទៀត បានឲ្យដឹងថាពួកគេ បានធ្វើសកម្មភាពកំហែងធាក់យកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ហៀង ឆៃយ៉ា ពិតប្រាកដមែន ។
បច្ចុប្បន្នកំលាំងជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅផែននគរបាលយុត្តិធម៌ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺចាត់ការបន្តតាមផ្លូវច្បាប់ ។ ចំពោះវត្ថុម៉ូតូជនរងគ្រោះដែលដកហូតពីក្រុមជនសង្ស័យខាងលើ កំលាំងជំនាញបានធ្វើការប្រគល់ជូនម្ចាស់ដើមយកទៅប្រើប្រាស់វិញហើយ៕