ភ្នំពេញ៖ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជំរុញឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ យកចិត្តទុកដាក់ ចំពោះការពង្រឹងសមត្ថភាពអត្ដពលិកគុនខ្មែរ ឲ្យកាន់តែខ្លាំងជាងនេះ ដើម្បីអាចប្រជែងជាមួយអត្ដពលិកអន្ដរជាតិ ដែលមានកម្រិតខ្លាំងជាងកម្ពុជា។ បើតាម ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ថា ការជំរុញរបស់ សម្តេច ប្រធានកាកបាទក្រហម ធ្វើឡើងក្នុងពេល សម្តេច ចូលរួមពិធីមង្គលការកូនរបស់ អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ មីនា។
វីដេអូសំណេះសំណាលរបស់ សម្ដេច ប៊ុន រ៉ានី និង ឯកឧត្តម ខូវ ឆាយ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម TikTok បង្ហោះ និងត្រូវបានចែករំលែកបន្តយ៉ាងច្រើនផងដែរ។ ឯកឧត្តម ខូវ ឆាយ បានបញ្ជាក់ថា ក្នុងជំនួបដ៏ខ្លីនោះ សម្តេច ប៊ុន រ៉ានី បានសួរនាំ អំពីកម្មវិធីប្រកួតប្រដាល់គុនខ្មែរ ហើយសម្តេច ក៏បានសួរនាំសុខទុក្ខ បឺត សង្ឃឹម ដែលបានសន្លប់ក្នុងទឹកទី២ ក្នុងការប្រកួតជាមួយកីឡាករ រុស្ស៊ី Aslanbek Zikreev កាលពីថ្ងៃទី១៥ មីនាផងដែរ។
សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានមានប្រសាសន៍ក្នុងវីដេអូនោះយ៉ាងច្បាស់ពីឈ្មោះកីឡាករ បឺត សង្ឃឹម និងព្រឹត្តិការណ៍។ នេះបានបង្ហាញថា សម្ដេច ក៏ជាអ្នកគាំទ្រ និងតាមដានកីឡាប្រដាល់គុនខ្មែរ មួយរូបផងដែរ។
ឯកឧត្តម ខូវ ឆាយ បានបញ្ជាក់ថា៖ «សម្ដេច សួរសុខទុក្ខ និងព្រួយបារម្ភពីកីឡាករ។ លោក ក៏បានជំរុញឲ្យ យើងប្រឹងប្រែងអភិវឌ្ឍបន្ថែមទៀត ដើម្បីឲ្យកីឡាករ-កីឡាការិនីយើង អាចមានសមត្ថភាពប្រកួតប្រជែងជាមួយ កីឡាករបរទេស ដែលមានកម្រិតខ្ពស់ៗ មកពីក្រៅប្រទេស ក៏ដូចជាពេលយើង ចេញទៅប្រកួតនៅឆាកអន្ដរជាតិ យើងក៏អាចយកជ័យជម្នះ ពីគូប្រកួតខ្លាំងៗបានដែរនាថ្ងៃអនាគត។
សម្ដេច តែងតែទស្សនាការប្រកួតប្រដាល់គុនខ្មែរ នៅពេលទំនេរពីកិច្ចការ ប៉ុន្ដែនៅពេលរវល់ការងារ សម្ដេច ក៏តាមដានលទ្ធផល ផងដែរ។ ជាពិសេស នៅពេលដែលមានភាពមិនប្រក្រតី ក៏ដូចជាមានចំណុចខ្វះខាត ក្នុងការប្រកួតណាមួយ សម្ដេច តែងតែទំនាក់ទំនងផ្ដល់អនុសាសន៍ ដើម្បីដោះស្រាយបញ្ហាជាប្រចាំ។
នេះបើតាមការបញ្ជាក់ពី ប្រធានសហព័ន្ធរូបនេះ ដោយលោកបានបន្តទៀតថា ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ គឺជាការផ្ដល់កម្លាំងចិត្តដល់ អត្ដពលិកជាតិ ដើម្បីប្រឹងប្រែងហ្វឹកហាត់ ក៏ដូចជាសហព័ន្ធ ត្រូវប្រឹងប្រឹងអភិវឌ្ឍសមត្ថភាពឲ្យកាន់តែខ្លាំងឡើងៗ៕