ក្រុមចម្រៀងបុរសកូរ៉េដ៏ពេញនិយម ប៊យ ណេកថ៍ ដ័រ (BOYNEXTDOOR) ដែលស្ថិតនៅក្នុងផលិតកម្ម ខេអូហ្ស៊េដ អេនថឹថេនម៉ឹន (KOZ Entertainment)  និងជាបុត្រសម័ន្ធរបស់ ហៃប៍ ឡាប៊ែល (HYBE Labels) មានគម្រោងធ្វើការប្រគុំតន្ត្រីជាលើកដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃ ដែលមានឈ្មោះថា ប៊យ ណេកថ៍ ដ័រ ថួរ៍ ណក អន វ៉ុល វ័ន អ៊ីន ប៊ែងហ្គ៊កខ៍ (BOYNEXTDOOR TOUR ‘KNOCK ON Vol.1’ IN BANGKOK) ដែលគិតថានឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥។

ប៉ុន្តែដោយសារព្រឹត្តិការណ៍នៃការរញ្ជួយដីដ៏ធំ នៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ភ្នាក់ងារ អាយមី ថៃឡែនដ៍ (iMe Thailand)  ដែលទទួលគម្រោងរៀបចំការប្រគុំតន្ត្រីខាងលើបានចេញមកប្រកាសផ្អាកសកម្មភាពដែលបានគ្រោងទុកនោះភ្លាមៗតែម្តង។

យ៉ាងណាមិញក្រោយពេលប្រកាសផ្អាកទាំងតក់ក្រហល់បែបនេះ ខាងអ្នករៀបចំការប្រគុំតន្ត្រីខាងលើ បានឱ្យដឹងថា ខណៈពេលនេះខ្លួនកំពុងស្ថិតនៅក្នុងការចរចា ដើម្បីលើកថ្ងៃការប្រគុំតន្ត្រីរបស់ក្រុមចម្រៀង ប៊យ ណេកថ៍ ដ័រ (BOYNEXTDOOR)។ ដោយឡែក ថ្ងៃប្រគុំតន្ត្រីជាក់លាក់ នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ ដោយកំពុងស្ថិតនៅក្នុងការពិភាក្សាពីភាគីពាក់ព័ន្ធផ្សេងទៀត៕