តារាចម្រៀងពិភពលោក អ៊េត ហ្ស៊ីរ៉ែន (Ed Sheeran) បានបង្ហោះសារមួយនៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ថា អាល់ប៊ុមថ្មីរបស់លោកបានផលិតចប់រួចរាល់ហើយ ចំណែកឯបទថ្មីរបស់លោក ក៏នឹងត្រៀមបញ្ចេញឱ្យអ្នកគាំទ្របានស្តាប់ឆាប់ៗខាងមុខនេះផងដែរ។ នៅក្នុងការបង្ហោះនោះ មិនត្រឹមតែជាសារប្រាប់ទៅកាន់អ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះទេ តារាចម្រៀងប្រុសរូបនេះក៏បានភ្ជាប់មកជាមួយនូវវីដេអូខ្លីមួយដែលគេបានថតនៅក្នុងស្ទូឌីយ៉ូខណៈពេលកំពុងផលិតបទចម្រៀង និងថែមទាំងបានបង្ហោះ Teaser បទមួយដែលជាភាសាពែក្សមានឈ្មោះថា អាហ្ស៊ីហ្ស៊ាំ (Azizam) ដោយបទមួយនេះមានការរួមបញ្ចូលគ្នារវាង ចង្វាក់តន្ត្រីផប់ឌែន (Pop Dance) និងតន្ត្រីពើស្ហា (Persian Music) ផងដែរ។

គួរឱ្យដឹងថា អ៊េត ហ្ស៊ីរ៉ែន (Ed Sheeran) មិនបានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនតាំងពីឆ្នាំ ២០២៣ មកម្ល៉េះ។ ដោយឡែកនៅក្នុងពេលនេះ តារាចម្រៀងពិភពលោកខាងលើ ក៏បានកំពុងស្ថិតនៅក្នុងវិស្សមកាល ការប្រគុំតន្ត្រី មែសឹមែធីកស៍ ថួរ៍ (Mathematics Tour) របស់ខ្លួន ដែលបានធ្វើការប្រគុំតន្ត្រីទេសចរណ៍ជាប់ៗគ្នាអស់រយៈពេលជាច្រើនខែកន្លងទៅ ហើយគេនឹងបន្តធ្វើការប្រគុំតន្ត្រីទេសចរណ៍ម្តងទៀតនៅក្នុងខែមេសា នៅប្រទេសកាតា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្របពេលដែលតារាចម្រៀងប្រុសរូបនេះ កំពុងធ្វើការប្រគុំតន្ត្រីទេសចរណ៍ គេក៏បានធ្វើបទចម្រៀងថ្មីជាបន្តបន្ទាប់នៅតាមស្ទូឌីយ៉ូថតសម្លេងនៅក្នុងប្រទេសផ្សេងៗដែលគេបានទៅសម្តែងការប្រគុំតន្ត្រី ហើយអ្នកគាំទ្រក៏កំពុងតែអន្ទះសារចង់ស្តាប់បទថ្មីដែល អ៊េត ហ្ស៊ីរ៉ែន (Ed Sheeran) ត្រៀមនឹងបញ្ចេញ និងបានថតនៅក្នុងប្រទេសទាំងនោះថា នឹងមានលក្ខណៈពិសេសយ៉ាងណាខ្លះ៕