សហព័ន្ធបាល់ទាត់កម្ពុជា (FFC) គ្រោងចំណាយថវិកា ៤,៤លានដុល្លារ សាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការរបស់ខ្លួន ដែលមានទីតាំងនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ មានជំនួយពីសហព័ន្ធបាល់ទាត់អន្ដរជាតិ (FIFA) និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងក្នុងមហាសន្និបាត លើកទី១៩ កាលពីថ្ងៃទី១ មីនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal កាលពីថ្ងៃទី១ ខែមីនា។សហព័ន្ធបាល់ទាត់កម្ពុជា (FFC) គ្រោងចំណាយថវិកា ៤,៤លានដុល្លារ សាងសង់កីឡដ្ឋានគោកធ្លក និងទីស្នាក់ការរបស់ខ្លួន។ បច្ចុប្បន្ន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានទីស្នាក់ការនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាទីតាំង គ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។

សម្រាប់ ឯកឧត្តម សៅ សុខា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកីឡាថ្មីនេះ គឺមិនមែនជាការខ្ជះខ្ជាយថវិកាឡើយ ប៉ុន្តែជាឆ្លើយតបនឹងចំនួនអ្នកទស្សនា និងគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា។

ឯកឧត្តម សៅ សុខា បាននិយាយថា៖«ការកសាងកីឡដ្ឋានថ្មីនេះ មិនមែនជាការខ្ជះខ្ជាយទេ ប៉ុន្ដែយើងរៀបចំឲ្យទៅជារចនាសម្ព័ន្ធ ឆ្លើយតបទៅនឹងចំនួនអ្នកចូលរួមទស្សនា ព្រោះការទស្សនាបាល់ទាត់ គឺជាការរកលុយ។ បើគ្មានអ្នកទស្សនាទេ ការប្រកួតរកលុយ មិនបានទេ ហើយបាល់ទាត់ ក៏មិនរីកចម្រើនដែរ។ បើគ្មានអ្នកគាំទ្រ អ្នកទាត់បាល់ក៏គ្មានកម្លាំងចិត្តទាត់ដែរ។ ការកសាងកីឡដ្ឋាននេះ យើងមានកម្រិតក្រោម ១ម៉ឺនាក់ ក្រោម ៣ម៉ឺននាក់ និងក្រោម ៦ម៉ឺននាក់។»។

 ពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក គឺជាទីតាំងប្រកួតបាល់ទាត់ជាតិ និងអន្ដរជាតិ ដែលមានស្ដង់ដារ និងទទួលស្គាល់ ពីស្ថាប័នអន្ដរជាតិ ដូចជា FIFA សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) និងសហព័ន្ធបាល់ទាត់អាស៊ាន (AFF) ហើយអាចឲ្យកម្ពុជា មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកួតព្រឹត្តិការណ៍នានា។ ពហុកីឡដ្ឋាន ជាតិមរតកតេជោ អាចផ្ទុកអ្នកទស្សនា ៦ម៉ឺននាក់ ខណៈពហុកីឡដ្ឋានជាតិអូឡាំពិក អាច ផ្ទុកអ្នកទស្សនាដល់ទៅ ៣ ម៉ឺននាក់។

 ឯកឧត្តម សៅ សុខា ប្រធាន FFC បន្ថែមថា កីឡដ្ឋានគោកធ្លក នឹងសាងសង់ជា២ដំណាក់កាល ដោយដំណាក់កាលដំបូង ការសាងសង់សម្រាប់ការផ្ទុកអ្នកទស្សនា ៤ ២០០នាក់ និងដំណាក់កាលបន្ទាប់ សម្រាប់ចំនួនអ្នកទស្សនា ១២ ០០០ នាក់។ ការសាងសង់ទាំង២ កាល គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦៕