ភ្នំពេញ ៖
បុរសម្នាក់ បានបើករថយន្ត ford ranger ពាក់ស្លាកលេខខេមរៈភូមិន្ទមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន២កង់ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អ មិនមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 10:30 នាទីយប់ថ្ងៃទី 6 ខែមីនាឆ្នាំ 2025 ស្ថិតនៅតាមបណ្ដោយផ្លូវ 273 ក្នុងសង្កាត់ទួលសង្កែទី1 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ford ranger ពណ៌សមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ 01 2. 3062
បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ 273 ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ មិនបានប្រយ័ត្នក៏រ៉េចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងបាំងពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់ចំនួនពីរកង់ ចំណែកឯរថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ហើយភ្លាមនោះ អ្នកបើកបរក៏បានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ មន្ត្រីសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ ៕