កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះ អ្នករួមអាជីពសិល្បៈ និងមហាជនជាច្រើន មានការរន្ធត់ចិត្តជាខ្លាំង ក្រោយពេលទទួលបានដំណឹងថា តារាសម្តែងល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាលោក ប៉ែន ចាន់សិទ្ធិ បានទទួលមរណភាពហើយ។ យ៉ាងណាមិញបើយោងតាមរយៈការបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់អតីតតារាសម្តែង លោក ថៃ នរៈពិទូ បានបង្ហោះសារខ្លីមួយ អមជាមួយរូបភាពរបស់តារាប្រុសខាងលើយ៉ាងដូច្នេះថា “សូមប្អូនទៅអោយបានសុខ កើតជាតិក្រោយ សូមកុំអោយ អភ័ព្វ ដូចជាតិនេះ ទៀត 😔😔😔 RIP”។ ជាមួយគ្នានេះ តាមប្រភពជិតស្និទ្ធិម្នាក់បានឱ្យដឹងថា ការស្លាប់របស់តារាសម្តែងខាងលើ គឺដោយសាររោគាពាធ មិនអាចពិសាអាហារអស់រយៈពេលជាច្រើនខែ រហូតដល់ថ្នាក់រាងកាយស្គមរីងរៃជាដើម។ ដោយឡែក សិល្បករ សិល្បការិនី មិត្តរួមជំនាន់ប្រកួត រួមទាំងមហាជន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនៃការចាកចេញរបស់ លោក ប៉ែន ចាន់សិទ្ធិ តារាសម្តែងដ៏មានសក្ដានុពលទាំងវ័យក្មេងនេះផងដែរ។
គួរឱ្យដឹងថា មុននឹងវិវត្តន៍ខ្លួនទៅជាតារាសម្តែង តារាថតស្ពតពាណិជ្ជកម្មផ្សេងៗ លោក ប៉ែន ចាន់សិទ្ធិ គឺជាអតីត Freshie Boy ចំណាត់ថ្នាក់លេខ១ ក្នុងឆ្នាំ ២០០៩៕