ក្រចេះ ៖
អធិការដ្ឋាននគរបាលស្រុកស្នួល បានចេញបំភ្លឺពាក់ព័ន្ធទៅនិងករណី «បុគ្គលិកខ្មែរបម្រើការនៅកាស៊ីណូ Gold City ក្នុងស្រុកស្នួល ដែលត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់១៥,០០០ដុល្លារ» ។
ក្នុងសេចក្ដីបំភ្លឺ បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានឈ្មោះ ខ.ស. បានប្តឹងរាយការណ៍មកសមត្ថកិច្ចជំនាញពាក់ព័ន្ធ ថាមានករណីចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City។ ក្រោយពីទទួលបានព័ត៌មាននេះ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជាមកអធិការដ្ឋាននគរបាលស្រុកស្នួល ចុះធ្វើការស្រាវជ្រាវបន្ទាន់ ដោយសហការជាមួយប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិត្រពាំងស្រែ និងជាលទ្ធផល បានរកឃើញមានជនរងគ្រោះចំនួន ០៣នាក់ ដែលត្រូវបានមេការ ធ្វើការឃាត់ទុក ។
តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះទាំង ០៣នាក់ខាងលើ គឺមុនពេលកើតហេតុនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ពួកគេ ត្រូវបានឈ្មោះ ធ.ប. បបួលធ្វើការរៀបចំគម្រោងធ្វើបៀឲ្យភ្ញៀវឈ្នះលុយពីខាងកាស៊ីណូ ហើយ ពេលដែលភ្ញៀវលេងឈ្នះ ពួកគេនឹងទទួលបានលុយភាគរយពីភ្ញៀវ ។ ពេលនោះ ពួកគេទាំង ០៣នាក់ ក៏ បានយល់ព្រមសហការ។ រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឈ្មោះ ធ.ប. ក៏បានធ្វើការចែកលុយដែលជា ភាគរយដែលភ្ញៀវបានឈ្នះពីកាស៊ីណូមកឲ្យពួកគេទាំង ០៣នាក់ ដោយក្នុងម្នាក់ទទួលបានលុយចំនួន ៨០០ដុល្លារ ហើយឈ្មោះ ធ.ប. បានធ្វើការគេចខ្លួន មិនឃើញមកធ្វើ ការ។ លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គម្រោងដែលខ្លួនបានរៀបចំត្រូវបានបែកធ្លាយព័ត៌មានដល់ខាងកាស៊ីណូ និងមានជនជាតិចិនចំនួន ០៤នាក់ ដែលជាមេការ បានមកសួរនាំដល់បន្ទប់ជួល ដោយប្រើហិង្សា និងបាននាំពួកគេទាំង ០៣នាក់ មកឃាត់ទុកក្នុង បន្ទប់រដ្ឋបាលកាស៊ីណូ Gold City ។
ចំពោះជនជាតិចិនទាំង ០៤នាក់ ដែលជាមេការ បានគេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បាននឹងកំពុងស្រាវជ្រាវ ស្វែងរក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕