ភ្នំពេញ៖
យុវជនម្នាក់ បានទុកម៉ូតូនៅចំណុចបន្ទប់ជួលភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយ បន្ទាប់ពីចាក់សោ ក និងសោជន្ទុលរួចរាល់ ក៏បានឡើងទៅដេកនៅបន្ទប់ជាន់ខាងលើ ។ លុះដល់វេលាម៉ោង៤និង៣០នាទីជិតភ្លឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ពេលចុះមកវិញ ស្រាប់តែចោរលួចបាត់ ប៉ុន្តែជាសំណាងល្អ ម៉ូតូនោះមានភ្ជាប់ប្រព័ន្ធGPS ទើបក្រោយមក បានរកឃើញជនសង្ស័យកំពុងជិះតាមផ្លូវ ហើយនគរបាលនិងម្ចាស់ម៉ូតូរូបនោះ ឃាត់ជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀតរត់រួច ។
យុវជនដែលជាម្ចាស់ម៉ូតូឈ្មោះចាន់ រិទ្ធ អាយុ២០ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ ហើយ ម៉ូតូដែលត្រូវចោរលួចយកទៅហើយយកបានមកវិញនោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LC-1803 ។
ដោយឡែក ជនសង្ស័យឈ្មោះផាន សុផាត អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ហើយបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួនបាត់នោះមិនស្គាល់អត្តសញ្ញាណឡើយ ។
ជនរងគ្រោះ បានប្រាប់ឲ្យដឹងថាកាលពីវេលាយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ខ្លួនបានទុកម៉ូតូនៅខាងក្រោមផ្ទះជួល ដោយបានចាក់សោ ក និងជន្ទុលរួចរាល់ត្រឹមត្រូវ បន្ទាប់មកទើបឡើងទៅដេកនៅបន្ទប់ជាន់ខាងលើ ។ លុះដល់វេលាម៉ោង៤និង៣០នាទីជិតភ្លឺថ្ងៃទី០៣ ខែមីនា ស្រាប់តែចោរលួចយកទៅបាត់ ពេលនោះខ្លួនបានទៅប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទីឲ្យជួយអន្តរាគមន៍ ។
ជនរងគ្រោះបានប្រាប់ទៀតថា ម៉ូតូរបស់ខ្លួននោះមានភ្ជាប់ប្រព័ន្ធGPS ហើយប្រព័ន្ធនេះបានចង្អុលបង្ហាញទីតាំងចោរលាក់ខ្លួន ទើបនៅវេលាម៉ោងជាង៩ព្រឹកថ្ងៃដដែលបានរកឃើញជនសង្ស័យខាងលើកំពុងជិះតាមផ្លូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ពេលនោះខ្លួនបានប្រាប់នគរបាល ទើបឃាត់ជនសង្ស័យបានម្នាក់ និងម្នាក់ទៀតរត់រួចមុន ។ បន្ទាប់មក នគរបាល បាននាំជនសង្ស័យខាងលើទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីចាត់ការតាមច្បាប់ហើយ ៕