ទើបតែបញ្ចេញអាល់ប៊ុមថ្មីដំបូងរបស់ខ្លួនក្នុងនាមជាតារាចម្រៀងទោលនៅក្នុងផលិតកម្ម អដ អ៊េតថឹលីយឺរ៍ (Oddatelier) មិនទាន់បានប៉ុន្មានផង ស្រាប់តែកាលពីពេលថ្មីៗនេះ តារាចម្រៀងដ៏ល្បីល្បាញនាង ជេនី (Jennie) សមាជិកក្រុម ប្ល៊ែកភីង (BlackPink) បានធ្វើការប្រគុំតន្ត្រីមួយឈ្មោះថា ឌឹ រ៉ូប៊ី អ៊ិចស្ពើរៀន (The Ruby Experience) នៅទីក្រុង ឡូសអាន់ជ័រលេស (Los Angeles) សហរដ្ឋអាមេរិក។

នៅក្នុងការប្រគុំតន្ត្រីដ៏អស្ចារ្យនោះ ជេនី បានបង្កើត Show ថ្មីប្លែក អមជាមួយឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ កាន់តែញ៉ាំងឱ្យការសម្តែងនៅលើឆាកតន្ត្រីរបស់ខ្លួនរឹតតែទទួលបានសម្លេងសាទរនិងការចាប់អារម្មណ៍ពីមហាជន។ យ៉ាងណាមិញ នៅពេលដែលតារាចម្រៀងរូបនេះ សម្តែងដល់បទ ហ្វិលថឺរ៍ (Filter) មកជាមួយឈុតពណ៌សរឹបរាងដ៏ស្រស់ស្អាត ស្រាប់តែមានមហាជនមួយចំនួននាំគ្នារិះគន់ថា ការស្លៀកពាក់របស់នាងដូចស្រាតច្រៀងនៅលើឆាកអ៊ីចឹង ព្រោះឈុតដែលនាងស្លៀកអំឡុងពេលសម្តែងនោះ វារឹបរាងជ្រុលខ្លាំងពេក ស្ទើរតែចេញកេរ្តិ៍ខ្មាស់របស់ខ្លួននៅក្នុងចំណោមក្រុមមនុស្សរាប់ម៉ឺននាក់។ 

ទន្ទឹមនឹងការរិះគន់ខាងលើ ក៏មានការលើកសរសើរពីមហាជនមួយចំនួនផងដែរ ដោយពួកគេបានលើកឡើងថាវាគឺជាឈុតដែលកំពុងមានការពេញនិយមនាពេលបច្ចុប្បន្ន រីឯអ្នកខ្លះទៀតក៏បានលើកឡើងទៀតថា គួរគោរពសិទ្ធិក្នុងការស្លៀកពាក់របស់នាងជាដើម៕