គីម ស៊ុនហូ (Kim Seon-ho) សម្រេចចិត្តចុះកុងត្រាជាមួយផលិតកម្ម ហ្វេនថេជា (Fantagio) ក្រោយពេលជ្រកក្រោមផលិតកម្ម សល អ៊ីនធឺធិនមែន (SALT Entertainment) អស់រយៈពេល ៦ ឆ្នាំ។
កាលពីថ្ងៃទី ១ ខែមីនា កន្លងទៅ ហ្វេនថេជា (Fantagio) បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយថា “តារាសម្តែង គីម ស៊ុនហូ (Kim Seon-ho) បានចុះកុងត្រាពិសេសជាមួយ ផលិតកម្ម ហ្វេនថេជា (Fantagio) ហើយ”។
ហ្វេនថេជា (Fantagio) បានឱ្យដឹងថា “ គីម ស៊ុនហូ (Kim Seon-ho) ជាតារាសម្តែងដែលមានការទទួលបានក្តីស្រឡាញ់ច្រើនតាមរយៈសកម្មភាពផ្សេងៗ មិនតែប៉ុណ្ណោះតារាប្រុសរូបនេះក៏មានសមត្ថភាពសម្តែងដ៏អស្ចារ្យ និងមានមន្តស្នេហ៍ដ៏ទាក់ទាញផងដែរ ដូចនេះ ខាងផលិតកម្មនឹងមានការគាំទ្រគេយ៉ាងពេញទំហឹងទៅលើសមទ្ធិផលការងារផ្សេងៗដែលគេមាន”។
គួរឱ្យដឹងបន្ថែមថា គីម ស៊ុនហូ (Kim Seon-ho) បានបង្ហាញខ្លួនជាផ្លូវការលើកដំបូងក្នុងឆ្នាំ ២០០៩ ក្នុងនាមជាអ្នកសម្តែងល្ខោនវេទិកា និងបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំ ២០១៧ តាមរយៈខ្សែភាពយន្តរឿង ហ្គូត ម៉េនេកជឺ (Good Manager)។ ក្រោយមកទៀតតារាប្រុសរូបនេះក៏បានបង្ហាញខ្លួនតាមរយៈខ្សែភាពយន្តជាច្រើន ហើយរឿងដែលទទួលបានការពេញនិយមនិងមានការគាំទ្រពីមហាជនមានដូចជា ស្តាតអាប់ (Start-Up) និង ហ៊ូម ថោន ឆាឆាឆា (Hometown Cha-Cha-Cha) ជាដើម៕