(ភ្នំពេញ)៖ ក្រោយទទួលបានឱកាសដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមគ្រូបង្វឹកបណ្ដោះអាសន្ន កាលពីចុងឆ្នាំ២០២៤ ពេលនេះ លោក Koji Gyotoku បានទទួលសេចក្ដីទុកចិត្តពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ក្នុងការប្រកាសលោកជាគ្រូបង្គោលផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា(ក្រុមធំ) និងក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ សម្រាប់ឆ្នាំ២០២៥ នេះ ។


 យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ នៅព្រឹកថ្ងៃទី១០ ខែមីនា បានបញ្ជាក់ថា «សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសជូនអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ឲ្យបានជ្រាបថា លោក Koji Gyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ជាផ្លូវការ ដែលកុងត្រារបស់លោកមានរយៈពេល ១ឆ្នាំ» ។សូមរំឮកថា ក្រោយចែកផ្លូវជាមួយគ្រូបង្វឹកលោក Felix Dalmas កាលពីខែតុលា សហព័ន្ធបានតែងតាំងលោក Koji ជាគ្រូបង្វឹកបណ្ដោះអាសន្ន ដើម្បីដឹកនាំក្រុមគោព្រៃកម្ពុជា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFF Cup 2024 ហើយជាលទ្ធផល គឺបានឈរលេខ៤ ក្នុងពូល ដោយរកបាន ៤ពិន្ទុ បន្ទាប់ពីថៃ សិង្ហបុរី និងម៉ាឡេស៊ី ហើយពានប្រចាំតំបន់នេះ គ្រងជើងឯកដោយក្រុមជម្រើសជាតិវៀតណាម ។