លោក Koji Gyotoku ដាក់គោលដៅដឹកនាំក្រុមបង្ហាញការលេងមួយដ៏ល្អ សម្រាប់អ្នកគាំទ្រក្រុមគោព្រៃ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ស្អែកនេះ

កីឡា • March 24, 2025
លោក Koji Gyotoku ដាក់គោលដៅដឹកនាំក្រុមបង្ហាញការលេងមួយដ៏ល្អ សម្រាប់អ្នកគាំទ្រក្រុមគោព្រៃ ក្នុងជំនួបមិត្តភាពអន្ដរជាតិ  ស្អែកនេះ

 

    ភ្នំពេញ៖  គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា Koji Gyotoku បានដាក់គោលដៅដឹកនាំក្រុមបង្ហាញការលេងមួយដ៏ល្អ សម្រាប់អ្នកគាំទ្រក្រុមគោព្រៃ ក្នុងជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមក្រុមជម្រើសជាតិអារូបា នារាត្រីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥  ស្អែកនេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។

   លោក Koji Gyotoku បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះថា ការលេងជាមួយអារូបា គឺជាការប្រកួតមួយដ៏ល្អ ដែលលោកនឹងព្យាយាមដឹកនាំឲ្យក្រុមឲ្យបានល្អ ហើយក៏សង្ឃឹមថា កូនក្រុមនឹងខំប្រឹងអស់ពីសមត្ថភាពក្នុងការប្រកួតនេះ ដ្បិតនេះគឺជាបទពិសោធន៍ថ្មីមួយទៀត សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលលេងជាមួយក្រុមមកពីទ្វីបផ្សេង ។

   លោក Koji បានសង្កត់ធ្ងន់ថា «អ្វីដែលសំខាន់ គឺពួកយើងត្រូវការជ័យជម្នះ ។ សម្រាប់ខ្ញុំ ខ្ញុំក៏ចង់បង្ហាញការលេងមួយឲ្យល្អ សម្រាប់អ្នកគាំទ្រផងដែរ ។ មួយវិញទៀត ពីមុនមក យើងធ្លាប់តែលេងជាមួយក្រុមក្នុងតំបន់ តែលើកនេះ យើងបានលេងជាមួយក្រុមមកពីតំបន់ផ្សេង ។ អ៊ីចឹងទម្រង់លេងរបស់គេ អាចនឹងមានការប្លែក។ នេះជាបទពិសោធន៍មួយថ្មីសម្រាប់យើង ហើយក៏វាជាផលល្អមួយសម្រាប់ក្រុមជម្រើសជាតិផងដែរ»


   គួរដឹងថា នេះគឺជាការប្រកួតមិត្តភាពអន្ដរជាតិលើកទី២ កំឡុងថ្ងៃ FIFA Day របស់ក្រុមគោព្រៃកម្ពុជា បន្ទាប់ពីប្រកួតដំបូង កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម ២-១ ។ រីឯក្រុមជម្រើសជាតិអារូបា មុនជួបម្ចាស់ផ្ទះកម្ពុជា ក៏ទើបរងបរាជ័យក្រោមថ្វីជើងក្រុមសមាជិកលីគកំពូលកម្ពុជា វិសាខា ក្នុងលទ្ធផល ៣-១ ផងដែរ ៕





 

x Enlarged Image