តារាចម្រៀងប្រុសលោក ខាយ ឬមហាជនស្គាល់យ៉ាងច្បាស់តាមរយៈបទ “ម៉ាស្ការ៉ាទឹកភ្នែក” បានចូលរោងការហើយ ជាមួយនារីសាមញ្ញនៅក្រៅរង្វង់សិល្បៈម្នាក់ កាលពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៥។ ជាការពិតណាស់ អ្នកតាមដានតារាចម្រៀងរាងខ្ពស់ស្រឡះសាច់សខ្ចីរូបនេះ ប្រាកដជាបានដឹងខ្លះៗហើយពាក់ព័ន្ធនឹងប្រវត្តិស្នេហារបស់ពួកគេទាំងពីរ ពោលគឺជាស្នេហាផ្តើមចេញពីហ្វេន និង Idol ដែលកាលនោះភរិយារបស់លោកខាយគ្រាន់តែជាអ្នកគាំទ្របទចម្រៀងរបស់លោកតែប៉ុណ្ណោះ។ ប៉ុន្តែដោយមានការភ្ជង់ផ្តើមពីមិត្តភក្តិរបស់លោកខាយ ទើបស្នេហារបស់ពួកគេបានកើតមានឡើងចាប់តាំងពីពេលនោះមក រហូតឈានទៅដល់កាភ្ជាប់ពាក្យជាមួយគ្នា នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ដែលកាលនោះពួកគេទើបតែស្រឡាញ់គ្នាបានប្រហែលជាប៉ុន្មានខែប៉ុណ្ណោះ។ ងាកមកកាន់អាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះវិញឃើញថា ក្រោយពេលបានបង្ហើបដំណឹងដ៏រំភើបបែបនេះនៅលើបណ្តាញសង្គមរួចមក ស្រាប់តែមានមហាជនអ្នកគាំទ្រជាច្រើន បានចូលរួមសម្តែងក្តីត្រេកអរដល់ពួកគេទាំងពីរនាក់ផងដែរ។
គួរឱ្យដឹងថា ពិធីអាពាហ៍ពិពាហ៍របស់លោក ខាយ និងភរិយារបស់លោក ដែលមានឈ្មោះថា មុន្នីនាថ បានធ្វើឡើងនៅផ្ទះខាងស្រី ដែលស្ថិតនៅក្នុងខេត្តសៀមរាប៕