កាលពីថ្ងៃទី ១០ ខែមីនា កន្លងទៅ ស៊ុលហ្គី (Seulgi) សមាជិកក្រុម រ៉េតវែលវ៉េត (Red Velvet) បានវិលត្រលប់មកកាន់វិស័យតន្ត្រីម្តងទៀត ជាមួយមីនីអាល់ប៊ុម (Mini Album) ទោល ដែលមានឈ្មោះថា អ៊ែកស៊ិដេនថឺលី អន ផឹផឹស (Accidentally On Purpose)។ យ៉ាងណាមិញក្រោយពេលបានដាក់លក់រួចមក មីនីអាល់ប៊ុម (Mini Album) នេះបានជាប់នៅលើតារាង iTunes ដោយបានស្ថិតនៅលេខរៀងទី ២ និងលេខ ៤ នៅលើតារាងអាល់ប៊ុម iTunes ទូទាំងពិភពលោក និងអឺរ៉ុប (រៀងតាមលំដាប់)។
ក្រៅពីនេះ មីនីអាល់ប៊ុម (Mini Album) ខាងលើ ក៏បានជាប់លេខរៀងទី ១ នៅលើតារាង ថប់ អាល់ប៊ុម (Top Album) របស់ iTunes ក្នុង ១៥ ប្រទេសផងដែរ ក្នុងនោះរួមមាន ប្រទេសកម្ពុជា, កូឡុំប៊ី, អេហ្ស៊ីប, ហុងកុង, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ប៉េរូ, ហ្វីលីពីន, និងថៃជាដើម។
គួរឱ្យដឹងបន្ថែមថា មីនីអាល់ប៊ុម (Mini Album) អ៊ែកស៊ិដេនថឺលី អន ផឹផឹស (Accidentally On Purpose) គឺជាមីនីអាល់ប៊ុម (Mini Album) ទោល ឈុតទី ២ បន្ទាប់ពី មីនីអាល់ប៊ុម (Mini Album) ដំបូងដែលបានចេញកាលពីអំឡុងឆ្នាំ ២០២២ ដែលមានឈ្មោះថា ថ្វិនធីអេតថ៍ រីស្ហឹន (28 Reasons)។ ដោយឡែកនៅក្នុង មីនីអាល់ប៊ុម (Mini Album) អ៊ែកស៊ិដេនថឺលី អន ផឹផឹស (Accidentally On Purpose) ដែលបានចេញនេះ មានបទចម្រៀងសរុបទាំងអស់ ៦ បទ រួមមាន បេប៊ីណតបេប៊ី (Baby, Not Baby), ប៊េតធើឌេយ៍ (Better Dayz), រ៉ូលលីន វីតម៉ាយហូមមីស (Rollin’, With My Homies), វ៉ត់អេវឺរ៍ (Whatever), ផ្រេយ៍យីង (Praying) និង វីកនែស (Weakness)៕