កម្មវិធី Miss Cosmo Cambodia ឆ្នាំ ២០២៥ បាននឹងកំពុងដំណើរការប្រកួតរបស់ខ្លួន ខណៈពេលដែលជំនួបលើកដំបូងរវាងក្រុមការងារនៃកម្មវិធីប្រកួតខាងលើ និងបេក្ខនារីផ្លូវការទាំង ២៥ រូប បានធ្វើឡើងកាលពីថ្ងៃទី 10 ខែមីនា ឆ្នាំ 2025 ថ្មីៗនេះ។ ក្នុងនោះគេសង្កេតឃើញថា មានទាំងបេក្ខនារីថ្មី និងបេក្ខនារីចាស់វស្សានៅលើវិស័យប្រកួតសម្រស់ បានដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធីនេះផងដែរ។ យ៉ាងណាមិញ ក្នុងចំណោមបេក្ខនារីដែលបានដាក់ពាក្យប្រកួតក្នុងកម្មវិធី Miss Cosmo Cambodia នៅក្នុងឆ្នាំនេះ មហាជនមានការចាប់អារម្មណ៍ទៅលើបេក្ខនារីម្នាក់ជាខ្លាំង នោះគឺ កញ្ញា ប៊ី សុធារី។ ទន្ទឹមនឹងការចាប់អារម្មណ៍ និងបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលលើការវិលត្រលប់មកប្រកួតសារជាថ្មីរបស់កញ្ញា ប៊ី សុធារី ស្រាប់តែនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់បវរកញ្ញារូបនេះបានបង្ហោះសារមួយក្នុងន័យស្នើសុំទៅកាន់បងប្អូនយ៉ាងដូច្នេះថា “ជំរាបសួរបងប្អូនខ្មែរទាំងអស់គ្នា !

ដូចដែលអ្នកទាំងអស់គ្នាបានឃើញនូវរូបភាព និង វីដេអូបែកធ្លាយពីការត្រលប់មកឆាកប្រកួតម្ដងទៀតក្នុងមួយរយៈនេះ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាបានដាក់ពាក្យប្រកួត Miss Cosmo Cambodia 2025 ប្រាកដមែន។ ពេលនេះខ្ញុំសូមក្ដីស្រលាញ់ ជំនឿចិត្ត ឱកាស ពីបងប្អូនខ្មែរគ្រប់រូបជឿជាក់លើខ្ញុំម្ដងទៀត ដើម្បីឱ្យខ្ញុំបន្តដំណើរទៅមុខ ដោយយកសមត្ថភាពរបស់ខ្ញុំទៅប្រកួតដើម្បីដណ្ដើមយកម្កុដ Miss Cosmo Cambodia 2025 ក្នុងការតំណាងអោយកម្ពុជាទាំងមូលនៅលើឆាក Miss Cosmo International 2025”៕