មិនមែនជាបេក្ខភាពថ្មីក្នុងវិស័យប្រកួតសម្រស់ ចាន់ណា ពិសី បាននិយាយថា ការវិលត្រលប់មកសារជាថ្មីក្នុងនាមជាបេក្ខនារីចូលរួមប្រកួត Miss Cosmo Cambodia ឆ្នាំ ២០២៥ នឹងខិតខំព្យាយាមធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលល្អ មិនឱ្យអ្នកគាំទ្ររបស់ខ្លួនមានការខកបំណងឡើយ។ ចាន់ណា ពិសី ធ្លាប់បានចូលរួមប្រកួតនៅក្នុងវិស័យប្រកួតសម្រស់ធំៗចំនួនពីរដង ដូចជា Miss Grand Cambodia ឆ្នាំ ២០២២ និង Miss Universe Cambodia ឆ្នាំ ២០២៣។ យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០២៥ សម្រាប់ការវិលត្រលប់មកក្នុងកម្មវិធី Miss Cosmo Cambodia នេះ ចាន់ណា ពិសី បានពង្រឹងសមត្ថភាពរបស់ខ្លួនជាច្រើន ដោយបានពង្រឹងទៅលើផ្នែកភាសា និងការដើរជាដើម។ តាមការបញ្ជាក់នៅពីមុខអ្នកសារព័ត៌មាន បវរកញ្ញារូបនេះ បានឱ្យដឹងថា តាមពិតខ្លួនមានបំណងចង់ចូលរួមប្រកួតនៅក្នុងវិស័យបវរកញ្ញាម្តងទៀតជាយូរមកហើយ ប៉ុន្តែនៅមិនទាន់មានកម្មវិធីណាដែលស័ក្តិសមនឹងខ្លួន។ ដោយឡែក ក្រោយពេលខាងក្រុមហ៊ុនក្នុងស្រុកមួយបានទិញយក Miss Cosmo Cambodia យកមករៀបចំការប្រកួត ទើបខ្លួនបានទៅសិក្សា និងមើលឃើញថា កម្មវិធីនេះគឺពិតជាស័ក្តិសមនឹងខ្លួន ហើយក៏បានសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតតែម្តង។ 

ការវិលត្រលប់មកលើកនេះ ចាន់ណា ពិសី ប៉ះទាំងបេក្ខភាពចាស់ និងបេក្ខភាពថ្មីជាច្រើនរូប ប៉ុន្តែ ចាន់ណា ពិសី មិនញញើតនោះឡើយ ដោយបានលើកឡើងថា បេក្ខភាពថ្មីអាចរៀនយកចំណុចល្អពីបេក្ខភាពចាស់ ចំណែកឯបេក្ខភាពចាស់អាចរៀនយកចំណុចល្អពីបេក្ខភាពថ្មីបានដូចគ្នា ដើម្បីយកមកអភិវឌ្ឍខ្លួនបន្ថែម។ 

បវរកញ្ញារូបនេះបន្តថា ទោះជាលទ្ធផលចេញមកបែបណាក៏ដោយ ក៏រីករាយនឹងទទួលយក ព្រោះខ្លួនបានដាក់ការជឿជាក់ទៅលើកម្មវិធីប្រកួត Miss Cosmo Cambodia ឆ្នាំ ២០២៥ ថា ជាកម្មវិធីសុក្រឹត និងសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនឹងសម្លឹងឃើញពីសមត្ថភាពដែលខ្លួនមានផងដែរ៕