កាលពីរាត្រីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៥ បវរកញ្ញាមកពីជុំវិញពិភពលោកជាង ៧៥ ប្រទេស បានបង្អួតសម្រស់នៅលើវេទិកាដ៏ធំសម្បើមដែលមានឈ្មោះថា មីស គ្លូប៊ល (Miss Global) ដែលជាវគ្គផ្តាច់ព្រ័ត្រ និងបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ។ ជាការពិតណាស់ ជារៀងរាល់ឆ្នាំ កម្មវិធីប្រកួតខាងលើ តែងតែស្វែងរកស្ត្រីដ៏មានឥទ្ធិពលម្នាក់ ដើម្បីប្រើប្រាស់សម្លេងរបស់ខ្លួន ក្នុងការបំផុសគំនិត ទៅកាន់ស្ត្រីផ្សេងទៀត នៅជុំវិញពិភពលោក។ ជាមួយគ្នានេះ ក្រោយពេលប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលជិតមួយខែកន្លងមក វេទិកាប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក Miss Global 2024-2025 ក៏បានរកឃើញម្ចាស់ជ័យលាភីផងដែរ គឺបានទៅលើនាង ង្វៀន ឌីញ ញូ វ៉ាន់ (Nguyễn Đình Như Vân) ដែលជាបវរកញ្ញាមកពីប្រទេសវៀតណាម។
គួរឱ្យដឹងថា បវរកញ្ញាវៀតណាមរូបនេះ គឺជាបវរកញ្ញាតំណាងប្រទេសដំបូងបំផុតដែលបានឈ្នះមកុដពីកម្មវិធី Miss Global ក្រោយពេលបញ្ជូនមកប្រកួតអស់រយៈពេលជាង ១១ ឆ្នាំ កន្លងមកនេះ៕