កាលពីថ្ងៃទី ១៧ ខែមីនា កន្លងទៅ ប្ល៊ីតស៍វេយ៍ ស្ទូឌិអូ (Blitzway Studio) បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយ ដោយក្នុងនោះពួកគេបានបង្ហាញក្តីរំភើប ជាមួយការស្វាគមន៍តារាសម្តែងដ៏មានសមត្ថភាព ម៉ូន ឆេវ៉ុន (Moon Chae-won) ចូលមកកាន់ផលិតកម្មរបស់ពួកគេ។ ជាមួយគ្នានេះ ផលិតកម្មខាងលើថែមទាំងបានបញ្ចេញរូបភាព Profile ឈុតថ្មីរបស់ ម៉ូន ឆេវ៉ុន (Moon Chae-won) ដែលនេះកាន់តែធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍កក់ក្តៅសម្រាប់ការមកជ្រកក្រោមផលិតកម្មថ្មីនេះផងដែរ។

បកត្រលប់ទៅក្រោយបន្តិច គេនឹងដឹងថា ម៉ូន ឆេវ៉ុន (Moon Chae-won) បានចាប់ផ្តើមដើរនៅលើវិថីសិល្បៈតាមរយៈខ្សែភាពយន្តរឿង រ៉ាន់ មែកខឹរឹល (Run! Mackerel) ក្រោយមកទៀតនាងត្រូវបានគេចាប់ផ្តើមស្គាល់តាមរយៈរឿង ឌឹ ផេនធឺ អ៊ហ្វ វីនធ៍ (The Painter of Wind) និងកាន់តែមានឈ្មោះបោះសម្លេងជាបន្តបន្ទាប់តាមរយៈរឿងល្បីៗជាច្រើនដូចជា សផ្លេនឌីដ ឡេហ្គឹស៊ី (Splendid Legacy), ឌឹ ព្រីនសេស មែន (The Princess’ Man), និង ហ្គូត ដកថឺរ (Good Doctor) ជាដើម។

គួរឱ្យដឹងថា ប្ល៊ីតស៍វេយ៍ ស្ទូឌិអូ (Blitzway Studio) គឺជាផលិតកម្មដែលបានមើលថែតារាសម្តែងដ៏មានឥទ្ធិពលលំដាប់ថ្នាក់អន្តរជាតិជាច្រើនរូប ក្នុងនោះមានដូចជា ចូ ជីហ៊ូន (Ju Ji Hoon), ជុង រ្យ៉ូវ៉ន (Jung Ryeo-won), ឈុន វូហ៊ី (Chun Woo Hee), វូ ដូវ៉ាន (Woo Do Hwan) និងតារាជួរមុខជាច្រើនរូបទៀតផងដែរ។ ដោយឡែក ការចូលមកជ្រកក្រោមផលិតកម្ម ប្ល៊ីតស៍វេយ៍ ស្ទូឌិអូ (Blitzway Studio) មិនត្រឹមតែជាចំណុចចាប់ផ្តើមនៃការដើរនៅលើវិថីសិល្បៈថ្មីរបស់ ម៉ូន ឆេវ៉ុន (Moon Chae-won) ប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាឱកាសថ្មីមួយទៀតដែលអាចធ្វើឱ្យតារាសម្តែងស្រីរូបនេះអាចបញ្ចេញនូវសមត្ថភាពពិសេសជាច្រើន ជាមួយផលិតកម្មខាងលើនេះផងដែរ៕