(សៀមរាប)៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជា ប្រធាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអបអរសាទ អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា ដែលបានប្រកួតឈ្នះកីឡាករអាមេរិក គ្រងខ្សែក្រវាត់តេជោសន្ដិភាព លើកទី៣ ក្រោយយកឈ្នះកីឡាករអាមេរិក Max Cruz ដោយពិន្ទុកាលពីយប់មិញ ។ ខណៈដែល ឯកឧត្តម ក៍បានសម្ដែងនូវការអរគុណ ចំពោះថ្នាក់ដឹកនាំស្ថាប័ន ប្រដាល់សេរីពិភពលោក (WCK) និងស្ថាប័ន International Professional Combat Council (IPCC) ដែលបានទទួលស្គាល់ និងគាំទ្រគុនខ្មែរ ដែលជាសម្បត្តិក្បាច់គុន អត្តសញ្ញាណជាតិ របស់កម្ពុជា បន្ទាប់ពី ឯកឧត្តមបណ្ឌិត បានដឹកនាំ ប្រតិភូកីឡាអាមេរិកទាំងអស់បានចូលទស្សនាចម្លាក់ក្បាច់គុនខ្មែរ ដែលមាននៅជញ្ជាំងប្រាសាទ ក្នុងតំបន់អង្គរ ខេត្តសៀមរាប ។

គុនខ្មែរមានប្រវត្តិដ៏យូរលង់ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយនៅថ្ងៃទី២៩ ខែមីនានេះ គណៈប្រតិភូប្រដាល់គុនខ្មែរសហរដ្ឋអាមេរិក នឹងបានទស្សនាសិលាចារឹកផ្ទាល់ នៅតាមជញ្ជាំងប្រាសាទបុរាណបន្សល់ទុកដោយបុព្វបុរសដូនតាខ្មែរ ដូចជាប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត ដែលជាការបង្ហាញនូវតឹកតាងយ៉ាងច្បាស់អំពីប្រវត្តិគុនខ្មែរ។ 


តាំងនាមរាជរដ្ឋាភិបាល ក៏ដូចជាសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរអន្ដរជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ឯកឧត្តមបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូ និងកីឡាករគុនខ្មែរអាមេរិក ដែលបានមកទស្សនកិច្ច និងចូលរួមព្រឹត្តិការណ៍ប្រកួតគុនខ្មែរមិត្តភាពអន្ដរជាតិ កម្ពុជា-អាមេរិក និងដណ្ដើមខ្សែក្រវាត់ «តេជោសន្ដិភាព» លើកទី៣ ដែលរៀបចំដោយទូរទស្សន៍ថោន នៅអង្គរបេតិកភណ្ឌពិភពលោក នៃ ព្រះរាជាណាចក្រអច្ឆរិយៈ ដែលជាទឹកដីកំណើតរបស់គុនខ្មែរ ។

ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានបន្ថែមថា «ព្រឹត្តិការណ៍ប្រកួតគុនខ្មែរដណ្តើមខ្សែក្រវាត់តេជោសន្តិភាព លើកទី៣នេះ រៀបចំឡើង ក្នុងគោលបំណងសម្តែងនូវការដឹងគុណដល់ សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា ដែល សម្តេច បានធ្វើពលិកម្មដ៏ធំធេងក្នុងប្រវត្តិសាស្រ្ត ដើម្បីរំដោះប្រទេសជាតិ ចេញផុតពីរបបប្រល័យពូជសាសន៍ និងបាននាំមកនូវសុខសន្តិភាព ពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យជូនប្រទេសជាតិ និងប្រជាជន»។

«ជាមួយនេះ យើងខ្ញុំសូមសម្តែងនូវការគាំទ្រ និងកោតសរសើរដ៏ស្មោះ ចំពោះរាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបន្តធ្វើសកម្មភាពយ៉ាងក្លៀវក្លាប្រកបដោយការប្តេជ្ញាចិត្តខ្ពស់បំផុត ពោរពេញទៅដោយថាមពលស្វាហាប់ និងទទួលបានលទ្ធផលផ្លែផ្កាយ៉ាងឆាប់រហ័ស ដែល ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដរបស់ប្រជាពលរដ្ឋ»។

លើសពីនេះ ឯកឧត្តម ថោង ខុន ក៏បានសម្ដែងនូវការថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល សម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកស្ទួយវិស័យគុនខ្មែរ រហូតមានការគាំទ្រយ៉ាងខ្លាំងខ្លាទាំងលើឆាកជាតិ និងអន្តរជាតិ ព្រមទាំង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែល សម្ដេច បានបន្តយកចិត្តទុកដាក់ដឹកនាំផ្ទាល់ជាប្រចាំក្នុងការលើកស្ទួយដល់ ការអភិរក្ស និងអភិវឌ្ឍយុទ្ធគុនខ្មែរបុរាណ ពិសេសគុនខ្មែរ ក្នុងទិសដៅ “រួមគ្នាក្នុងធ្លុងមហាសាមគ្គីជាតិខ្មែរ”៕