អាចនិយាយបានថាជាសមាជិកដ៏គួរឱ្យស្រឡាញ់បំផុតប្រចាំក្រុមក៏ថាបាន ដោយព័ត៌មានដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា សាន់អ៊ូ (Sunwoo) សមាជិកក្រុម អ៊ែនហាយផេន (ENHYPEN) បានបរិច្ចាគទឹកប្រាក់ចំនួន ១០០ លានវ៉ុន យ៉ាងស្ងាត់ៗកាលពីអំឡុងខែធ្នូ ឆ្នាំ ២០២៤ ទៅកាន់មន្ទីរពេទ្យសាំស៊ុងស៊ូល (Samsung Seoul Hospital) ទើបកាលនោះមិនមានការបញ្ចូលឈ្មោះរបស់តារាប្រុសរូបនេះទៅក្នុង ហល អ៊ហ្វ ហ្វ៊ែម (Hall of Fame)។
សម្រាប់ទឹកប្រាក់ដែល សាន់អ៊ូ (Sunwoo) បានបរិច្ចាគនេះ នឹងយកទៅប្រើប្រាស់សម្រាប់មូលនិធិសុភមង្គលអ្នកជំងឺ (Patient Happiness Fund) ដែលនឹងត្រូវរៀបចំសម្រាប់ការចំណាយទៅលើការព្យាបាល និងកម្មវិធីគាំទ្រផ្សេងៗទៀត សម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យសាំស៊ុងស៊ូល (Samsung Seoul Hospital)។
គួរឱ្យដឹងថា ក្រុមចម្រៀង អ៊ែនហាយផេន (ENHYPEN) បាននឹងកំពុងរៀបចំការប្រគុំតន្ត្រីជុំវិញពិភពលោក ដែលមានឈ្មោះថា វ៉ក ឌឹ ឡាញ (WALK THE LINE) ដោយចាប់ផ្តើមការសម្តែងដំបូងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងបន្តទៅកាន់ទីក្រុង សៃតាម៉ា (Saitama), ហ្វឹកឹអូកា (Fukuoka), អូសាកា (Osaka) ប្រទេសជប៉ុន និងប្រទេសជាច្រើនទៀតផងដែរ។ ក្រុមចម្រៀងនេះរាប់ទុកថាជាក្រុមចម្រៀងដែលធ្វើការប្រគុំតន្ត្រីនៅពហុកីឡដ្ឋានបានលឿនបំផុតនៅក្នុងប្រទេសជប៉ុន ដោយបានធ្វើការប្រគុំតន្ត្រីនៅក្នុងពហុកីឡដ្ឋានក្នុងគម្រប់ខួប ៤ ឆ្នាំ ៧ ខែ រាប់ចាប់តាំងពីថ្ងៃបង្ហាញខ្លួនជាផ្លូវការរបស់ពួកគេ៕