រាជធានីភ្នំពេញ ៖

នារីម្នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះបន្ទាន់ ភ្លាមៗ បន្ទាប់ពីបុរសជាប្ដីបើករថយន្តម៉ាក Toyota Prius ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 11:30 នាទីយប់ត្រូវនិងថ្ងៃទី04 ខែមិនាឆ្នាំ ២០២៥ស្ថិតនៅលើផ្លូវព្រះមុនីវង្សក្នុងសង្កាត់មនោរម្យខណ្ឌ 7មករា រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BN-6760 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងស្រ្តីជាប្រពន្ធនិងកូនតូចម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីជើងត្បូងក្នុងល្បឿនលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើក្បែរស្តុបសេរីភាព ស្រាប់តែរេចង្កូតរថយន្ត ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្តខូចខាតមួយកំណាត់មុខនិងបែកពោងសុវត្ថិភាពខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកឯនារីជាប្រពន្ធ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយនៃមន្ទីរពេទ្យរដ្ឋមួយកន្លែង ដឹកយកទៅសង្រ្គោះភ្លាមៗចំណែកប្តីនិងកូនសំណាងល្អគ្រាន់តែរងរបួសស្រាល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កខាងលើ ទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕