កាលពីថ្ងៃទី ២៣ ខែមីនា កន្លងទៅ អ្នកគាំទ្រវិស័យ K-Pop ជាពិសេសបណ្តា Army នៅទូទាំងពិភពលោក ផ្ទុះការភ្ញាក់ផ្អើលពេញប្រព័ន្ធអ៊ីនធឺណិត ក្រោយពេល V សមាជិកក្រុម BTS បានបង្ហោះរូបភាពបង្ហាញរាងកាយរបស់ខ្លួននៅលើបណ្តាញសង្គម ព្រមទាំងបានឱ្យដឹងទៀតថា គេបានស្រកទម្ងន់រហូតដល់ ១០ គីឡូឯណោះ។
V ឬ គីម ថេ យ៉ុង (Kim Tae Hyung) បានបង្ហោះរូបថតជាច្រើនសន្លឹកដែលខ្លួនកំពុងហាត់ប្រាណ និងលើកទម្ងន់នៅឯកន្លែងហាត់ប្រាណនៅលើបណ្តាញសង្គម វីវើស (Weverse)។ នៅក្នុងរូបថតនោះ មហាជនសង្កេតឃើញថាតារាប្រុសរូបនេះមានពាក់មួកចាក់ពណ៌លឿង កាសស្តាប់ត្រចៀក និងអាវវាលក្លៀកពណ៌ប្រផេះយ៉ាងតឹងណែន ដែលបង្ហាញយ៉ាងច្បាស់នូវសាច់ដុំដៃ និងខ្នងរបស់គេ ដែលមានសាច់ដុំច្រើនជាង មុនពេលចូលបម្រើយោធា។ ជាមួយគ្នានេះ V បានសរសេរសារមួយនៅក្នុងការបង្ហោះនេះថា “នេះគឺជារូបភាពថ្មីចុងក្រោយបង្អស់របស់ខ្ញុំ ទម្ងន់ខ្ញុំចុះច្រើនខ្លាំងតែម្តង មើលឃើញមែនទេ? ទម្ងន់ខ្ញុំស្រកអស់ ១០ គីឡូ ខ្ញុំនឹងព្យាយាមឱ្យបានខ្លាំងជាងនេះថែមទៀត”
យ៉ាងណាមិញ ARMY ដែលជាអ្នកគាំទ្ររបស់ក្រុមចម្រៀង BTS ក៏កំពុងតែទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវការវិលត្រលប់មកវិញរបស់សមាជិកមួយចំនួនដែលកំពុងបម្រើក្នុងវិស័យយោធារបស់ប្រទេសកូរ៉េខាងត្បូងផងដែរ៕