ចាត់ទុកថាជាពត៌មានដ៏សោកសៅទៀតហើយ សម្រាប់វិស័យសិល្បៈរបស់ប្រទេសកូរ៉េខាងត្បូង ដោយតារាចម្រៀងល្បីឈ្មោះមួយរូបគឺលោក ហ្វីសង (Wheesung) បានបាត់បង់ជីវិតយ៉ាងតក់ក្រហល់ នៅក្នុងវ័យ ៤៣ ឆ្នាំ។
កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៥ ផលិតកម្ម ថេចូ អ៊ីនធឺថេនមិន (TAJO Entertainment) បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយថា តារានៅក្នុងផលិតកម្មរបស់ខ្លួនគឺ លោក ហ្វីសង (Wheesung) បានលាចាកលោកហើយ ដោយការគាំងបេះដូង។
តាមការរាយការណ៍ពីទីស្នាក់ការពត៌មានក្នុងប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា លោក ហ្វីសង (Wheesung) ត្រូវបានគេប្រទះឃើញស្លាប់ក្នុង Apartment ផ្ទាល់ខ្លួន កាលពីប្រមាណជាម៉ោង ៦ និង ២៩ នាទីល្ងាច នៅថ្ងៃទី១០ ខែមីនា។ ជាមួយគ្នានេះ ប៉ូលីសនិងមន្ត្រីជំនាញបានធ្វើដំណើរទៅកាន់ទីតាំងកើតហេតុ បន្ទាប់ពីមានការជូនដំណឹងពីក្រុមគ្រួសារ។ បច្ចុប្បន្ន ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតបន្តពាក់ព័ន្ធនឹងការស្លាប់របស់តារាប្រុសរូបនេះ ហើយពត៌មានបឋមដែលទទួលនបានពីខាងប៉ូលីសនោះគឺការស្លាប់នេះមិនមានពាក់ព័ន្ធនឹងអំពើប្លន់ ឬ ឧក្រិដ្ឋកម្មនោះទេ។
គួរឱ្យដឹងថា ហ្វីសង (Wheesung) ជាតារាចម្រៀងប្រភេទ R&B បានបង្ហាញខ្លួនជាលើកដំបូងតាមរយៈបទ អ៊ីស អ៊ិត ណត ផស់សឹបល (Is it not possible) កាលពីឆ្នាំ ២០០២ និងបានបញ្ចេញបទចម្រៀងល្បីៗជាហូរហែបន្តបន្ទាប់ផងដែរ៕