ភ្នំពេញ៖ លោក កាំង សេន កីឡាករ និងជាម្ចាស់ក្លិប​ អាយអេសអាយ ដង្កោសែនជ័យ រកបាន១គ្រាប់ ដើម្បីរួមចំណែកជូយ អាយអេសអាយ ដង្កោសែនជ័យ ឈ្នះក្រសួងមហាផ្ទៃ ៤-០ ក្នុងជំនួួបលីគសប្តាហ៍ទី២៥ នៅថ្ងៃទី៨ ខែមីនា។ អ្វីដែលពិសេសនោះ នេះជាគ្រាប់បាល់ដំបូងបំផុតរបស់ កាំង​ សេន បន្ទាប់ពីប៉ុនប៉ងអស់រយៈពេល២ឆ្នាំ។.    ក្រោយសម្រេចបំណងរបស់ខ្លួន និងជាកំណត់ត្រាថ្មី ក្នុងនាមជាកីឡាករ និងជាម្ចាស់ក្លិប ដែលអាចរកបានគ្រាប់បាល់ក្នុងលីគកំពូលកម្ពុជា លោក កាំង សេន បង្ហាញក្តីរីករាយ និងបានបង្ហាញសារ Cambodian World Cup 2038 នៅលើអាវក្នុងរបស់ខ្លួន ក្នុងគោដៅជំរុញផ្សព្វផ្សាយសារនេះ ដើម្បីសម្រេចគោលដៅតាមការគ្រោងទុក។

  

      ក្រោយចប់ការប្រកួតនៅក្នុងវិដេអូកិច្ចសម្ភាសន៍ខ្លី លោក កាំង សេន បាននិយាយថា«បំណងរបស់ខ្ញុំរយៈពេល២ឆ្នាំ ក្នុងការសម្រេចទីក្នុងនាមជាកីឡា និងម្ចាស់ក្លិបដំបូងបំផុតនៅ CPL បានសម្រេចហើយ។ ស្របពេលគ្នានេះ ខ្ញុំចង់បង្ហាញសារ Cambodian World Cup 2038 ដែលខ្ញុំបានលាក់២ឆ្នាំហើយដែរ ដែលសារនេះជាគោលដៅរបស់សហពន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីសម្រេចបំណងទៅព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក ឆ្នាំ ២០៣៨»។ លោក កាំង សេន បានចាត់ទុកសារនេះបានបំផុតទឹកចិត្តខ្លួន ឱ្យចូលរួមផ្សព្វផ្សាយសារនេះទៅកាន់អ្នកគាំទ្រ ម្ចាស់ក្លិប និងកីឡាករ។


     យ៉ាងណាមិញ 
ខ្សែប្រយុទ្ធ វ័យ៤១ឆ្នាំ បន្ថែមថា៖«ស្របតាមគោលដៅរបស់ FFC ក្នុងការនាំគោព្រៃទៅ World Cup ឆ្នាំ ២០៣៨ ខ្ញុំសូមអ្នកស្នហាវិស័យកីឡាបាល់ទាត់ទាំងអស់ចែករំលែកសារនេះទាំងអស់គ្នា។ តាមរយៈសារនេះ ខ្ញុំសង្ឃឹមថា ក្លិបបាល់ទាត់ទាំងអស់ កីឡាករទាំងអស់ ព្រមទាំងសហព័ន្ធផ្ទាល់ ជំរុញវិស័យកីឡាបាល់ទាត់ឱ្យកាន់តែមានប្រជាប្រិយភាព»។ 

    ក្នុងនាមជាប្រធានក្លិប លោក កាំង សេន យល់ច្បាស់ពីការលំបាករបស់ ប្រធានក្លិបបាល់ទាត់ក្នុងលីគកម្ពុជាដូចគ្នា រួមទាំងប្រធានសហព័ន្ធផង។ ប៉ុន្តែទោះយ៉ាណាក៏ដោយ សារ Cambodian World Cup 2038 បានជំរុញទឹកចិត្ត និងក្លាយជាមហិច្ឆតាក្នុងការនាំក្រុមកម្ពុជា បង្ហាញមុខនៅ World Cup ឆ្នាំ ២០៣៨ តាមការគ្រោងទុក។.  អាយអេសអាយ ដង្កោសែនជ័យ ស្ថិតនៅកំពូលតារាង ក្នុងចំណោមក្រុមខាងក្រោមទាំង៥ ដោយរកបាន ៣០ពិន្ទុ ពីការប្រកួត២២លើក តាមពីក្រោយដោយ កងយោធពលខេមរភូមិន្ទ មាន១៩ពិន្ទុ ឡាយហ្វ ខេត្តព្រះសីហនុ ១៦ពិន្ទុ គិរីវង់សុខសែនជ័យ ១២ពិន្ទុ និងក្រសូងមហាផ្ទៃ ៥ពិន្ទុ៕