រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសប៉ាគីស្ថាន លោក អាទូឡា តារ៉ា បានព្រមាននៅថ្ងៃពុធ ទី30 ខែមេសានេះថា យោងតាមការស៊ើបការសម្ងាត់បានបញ្ជាក់ថា ប្រទេសឥណ្ឌាអាចនឹងបើកការវាយប្រហារក្នុងរយៈពេលពី 24 ទៅ 36 ម៉ោងទៀត។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីការកើនឡើងនៃភាពតានតឹងរវាងប្រទេសនុយក្លែអ៊ែរទាំងពីរ ខណៈដែលប្រទេសឥណ្ឌាបានចោទប្រកាន់ថា ប្រទេសប៉ាគីស្ថានជាអ្នកនៅពីក្រោយការវាយប្រហារដែលសម្លាប់មនុស្ស 26 នាក់នៅតំបន់កាស្មៀរកាលពីសប្តាហ៍មុន។ ចាប់តាំងពីពេលនោះមក ប្រទេសនុយក្លែអ៊ែរទាំងពីរនេះ បានចាត់វិធានការណ៍ដាក់គ្នាទៅវិញទៅមក ដោយប្រទេសឥណ្ឌា បានផ្អាកសន្ធិសញ្ញាចែករំលែកទឹកដ៏សំខាន់ ហើយប្រទេសប៉ាគីស្ថាន បានបិទជើងហោះហើររបស់ប្រទេសឥណ្ឌា។