កាលពីថ្ងៃចន្ទ ទី29 ខែមេសា លោកប្រធានាធិបតីប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានប្រកាសបទឈប់បាញ់រយៈពេល 3 ថ្ងៃ ដោយចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃទី 8 ខែឧសភា ខាងមុខ។ វិមានក្រឹមឡាំងបាននិយាយថា លោកប្រធានាធិបទី ពូទីន បានបញ្ជាឲ្យបញ្ឈប់ទាំងស្រុងនូវការប្រយុទ្ធ ដើម្បីប្រារព្ធខួបលើកទី 80 នៃទិវាជ័យជំនះរបស់រុស្ស៊ីដែលត្រូវនឹងថ្ងៃទី 9 ខែឧសភា។ វិមានក្រឹមឡាំងក៏បានអំពាវនាវឲ្យអ៊ុយក្រែនចូលរួមក្នុងបទឈប់បាញ់នេះ ដោយព្រមានថា កងទ័ពរុស្ស៊ីនឹងធ្វើការឆ្លើយតបក្នុងទំហំដ៏ខ្លាំងក្លាមួយ ប្រសិនបើអ៊ុយក្រែនបំពានបទឈប់បាញ់។ វិមានក្រឹមឡាំងក៏បានបញ្ជាក់ជាថ្មីថា ប្រទេសរុស្ស៊ី "បានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយគ្មានលក្ខខណ្ឌជាមុន" ដើម្បីដោះស្រាយបញ្ហាឫសគល់នៃវិបត្តិក្នុងប្រទេសអ៊ុយក្រែន និងស្តារទំនាក់ទំនងឡើងវិញជាមួយដៃគូអន្តរជាតិ។ ឆ្លើយតបទៅនឹងការប្រកាសនេះ លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី បាននិយាយថា ពិភពលោកមិនចង់រង់ចាំរហូតដល់ថ្ងៃទី 8 ខែឧសភា នោះទេ ដោយលោកបានអំពាវនាវឲ្យមាន "បទឈប់បាញ់ពេញលេញ និងគ្មានលក្ខខណ្ឌយ៉ាងហោចណាស់ 30 ថ្ងៃ" ដើម្បីផ្តល់ មូលដ្ឋានសម្រាប់ការទូតពិតប្រាកដ។