ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តបន្ទាយមានជ័យដែលមានក្រុមបាល់ទាត់កុមារនិងយុវជនចំនួន៣០ចូលរួមបានរកឃើញក្រុមជើងឯកប្រចាំខេត្តឡើងមកប្រកួតនៅរាជធានីភ្នំពេញហើយ បន្ទាប់ពីប្រកួតចម្រាញ់យ៉ាងស្វិតស្វាញ ។
ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការ ផ្កាយសមុទ្របានមានប្រសាសន៍ថា ការប្រកួតវិលជុំរដូវកាលនេះពិតជាអស្ចារ្យ ដោយពួកយើងបានឃើញ ពីភាពរីកចម្រើន និងឆន្ទៈដ៏ជ្រាលជ្រៅរបស់កីឡាករកីឡាការនីម្នាក់ៗចាប់តាំងពីចាប់ផ្តើមលេងបាល់ទាត់ ដំបូងរហូតដល់បានក្លាយជាកីឡាករកីឡាការនីក្នុងការប្រកួតវិលជុំនេះ ។ អង្គការផ្កាយសមុទ្រពិតជាមាន មោទនភាពចំពោះភាពរីកចម្រើនរបស់ពួកគេទាំងនៅក្នុង និងក្រៅទីលាន ។ ជាមួយគ្នានេះផងដែរ តំណាងអង្គការផ្កាយសមុទ្រសូមថ្លែងអំណរគុណយ៉ាងធំធេងចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក អាជ្ញាកណ្តាល ឪពុកម្តាយ និងអ្នកចូលរួមគាំទ្រលើកទឹកចិត្ត ដែលបានធ្វើឲ្យកម្មវិធីនេះអាចដំណើរការទៅបានយ៉ាងរលូន។
ព្រឹត្តិការណ៍បាល់ទាត់វិលជុំនេះ អាចដំណើរការទៅបានកើតចេញពីកិច្ចសហការរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ មានគោលបំណងផ្តោតសំខាន់លើសុខភាព ការអប់រំ សមភាពយេនដ័រ និង ជំនាញបំណិនជីវិត តាមរយៈកីឡា ។
ការចូលរួមពីសាលារៀន អង្គការដៃគូ កុមារ និងយុវជនដែលជួបប្រទះការខ្វះខាត ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នេះដើរតួយ៉ាងសំខាន់រួមចំណែកដល់ការ អភិវឌ្ឍសមត្ថភាព និងការចូលរួមរបស់យុវជនទូទាំងខេត្ត ។
ព្រឹត្តិការណ៍ការប្រកួតមួយនេះមិនត្រឹម តែបង្ហាញពីភាពស្វាហាប់ និងឆន្ទៈរបស់កីឡាករកីឡាការនីម្នាក់ៗប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់បទ ពិសោធន៍កីឡាល្អៗដល់ក្រុមបាល់ទាត់ ៣០ក្រុម ដែលបានចំណាយពេលវេលាជាច្រើនសប្តាហ៍ហ្វឹកហាត់ អភិវឌ្ឍសមត្ថភាព ភាពជឿជាក់ និងស្មារតីសាមគ្គីភាព តាមរយៈកីឡាទៀតផង ។
ការប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជន AIA–ISF Youth League ប្រចាំខេត្តបន្ទាយមាន ជ័យគឺមានអត្ថន័យលើសពីការប្រកួតដណ្តើមយកពានរង្វាន់ ហើយវាគឺជាការអបអរសាទរ និងបំផុសទឹក ចិត្តពីសមិទ្ធផលសម្រេចបាន ការតស៊ូធន់ទ្រាំ និងភាពសប្បាយរីករាយ ។ ឪពុកម្តាយ និងអ្នកចូលរួមគាំទ្រ ទទួលបានភាពសប្បាយរីករាយពីការទស្សនាការប្រកួតយ៉ាងស្វិតស្វាញរបស់កីឡាករកីឡាការនីទៅតាម ប្រភេទអាយុផ្សេងៗ និងមានមោទនភាពចំពោះកូនៗរបស់ពួកគាត់ ដែលបានទទួលមេដាយ និងពានរង្វាន់ ។សូមបញ្ជាក់ថា ក្រុមជើងខ្លាំងចម្រាញ់បានពីការប្រកួតវិលជុំប្រចាំខេត្តបន្ទាយមានជ័យនឹងទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ AIA–ISF Grand Championship League ដ៏ធំនៅរាជធានីភ្នំពេញ ៕