កណ្តាល ៖
ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ មានការសាទរចំពោះចំណាត់ការរបស់ សមត្ថកិច្ចដែលបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលកាន់កាប់អាវុធ AK ដោយខុសច្បាប់ ដោយបានប្រាប់សមត្ថកិច្ចថារើសបាន និងបំណងយកទៅបាញ់អ្នកដែលរករឿងខ្លួន ដែលហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលា ម៉ោង២៤និង០០នាទី កណ្តាលអាធ្រាតឆ្លងចូល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុច បឹងជំនីក ភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថាបុរសជាជនសង្ស័យមានឈ្មោះ លុយ សុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ រស់នៅផ្ទះលេខ ៤៥៣ ក្នុងភូមិសង្កាត់កើតហេតុ។ វត្ថុតាងចាប់យក អាវុធម៉ាកAK កាត់ស្វាយ០១ដើម,បង់គ្រាប់ចំនួន០១, គ្រាប់កាំភ្លើងចំនួន១៨គ្រាប់, កាបូបលុយពណ៌ខ្មៅ០១, ក្រណាត់យ័ន្តពណ៌ក្រហម០១, ចង្កូមជ្រូក០១, ខ្សែដៃអង្កាំជ័រ០១ខ្សែ។
លោកអធិការបានប្រាប់អោយដឹងបន្តទៀតថា នៅវេលាកើតហេតុកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ បានចេញល្បាតតាមភូមិសាស្ត្ររបស់ខ្លួន លុះពេលមកដល់ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យកំពុងដើរតាមផ្លូវ ដោយមានកាន់កាំភ្លើងAKនៅនឹងដៃ ឃើញដូចនោះ កម្លាំងយើងក៏បានឃាត់ខ្លួនរួមទាំងវត្ថុតាងយកមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កាំភ្លើងម៉ាកAK ០១ដើមនេះ ពិតជារបស់ខ្លួនដែលរើសបាននៅក្រោមស្ពានក្រពើហា ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ហើយគោលបំណងគឺយកទៅបាញ់ពួកអ្នករករឿងខ្លួនប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ជាមួយវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕