វ៉ាង ស៊ាវហ្វេយ៍ (Wang Xiaofei) អ្នកជំនួញជនជាតិចិន និងជាអតីតស្វាមីរបស់តារាសម្តែងស្រីដ៏ល្បី បារ៍ប៊ី ហ្ស៊ូ (Barbie Hsu) ឬមហាជនស្គាល់ថា សាន់ឆាយ តួអង្គស្រីក្នុងរឿង F4 មានលេចលឺព័ត៌មានថា ត្រៀមរៀបចំពិធីរៀបការជាមួយគូស្នេហ៍ ដែលមានឈ្មោះថា មែនឌី(Mandy) នៅថ្ងៃទី១៧ ខែឧសភា ខាងមុខនេះ នៅទីក្រុងប៉េកាំង ក្រោយពេលពួកគេបានចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់កាលពីឆ្នាំមុន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ស៊ីនជីវ (Sinchew) បានឱ្យដឹងថា អតីតស្វាមីរបស់តារាសម្តែងស្រីរូបនេះ បានផ្ញើលិខិតអញ្ជើញទៅកាន់ក្រុមមិត្តភក្តិជិតស្និទ្ធនិងសមាជិកនៅក្នុងក្រុមគ្រួសារមួយចំនួន ដោយពិធីរៀបការនឹងធ្វើឡើងជាលក្ខណៈឯកជននៅសណ្ឋាគារមួយកន្លែងនៅទីក្រុងប៉េកាំង ប្រទេសចិន។
វ៉ាង ស៊ាវហ្វេយ៍ (Wang Xiaofei) និង មែនឌី(Mandy) កំពុងត្រៀមខ្លួនសម្រាប់ថ្ងៃសំខាន់របស់ខ្លួន ខណៈកូនបង្កើតពីរនាក់របស់ វ៉ាង ស៊ាវហ្វេយ៍ (Wang Xiaofei) និងអតីតភរិយា បារ៍ប៊ី ហ្ស៊ូ (Barbie Hsu) ក៏នឹងធ្វើដំណើរមកចូលរួមនៅក្នុងថ្ងៃពិសេសនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ការប្រកាសរឿងរៀបការរបស់ វ៉ាង ស៊ាវហ្វេយ៍ (Wang Xiaofei) នៅពេលនេះ បានសាងភាពភ្ញាក់ផ្អើលនិងមានការជជែកវែកញែកពេញបណ្តាញសង្គម ដោយអ្នកខ្លះបានលើកឡើងថា វ៉ាង ស៊ាវហ្វេយ៍ (Wang Xiaofei) បានយំយែក កាលពីពេលដែល បារ៍ប៊ី ហ្ស៊ូ (Barbie Hsu) ទើបតែស្លាប់ថ្មីៗ និងនិយាយថាគេព្រមស្លាប់ដើម្បីនាងផងដែរ នៅពេលដែលខាងគ្រួសារបានចេញមកបញ្ជាក់ពីការស្លាប់របស់ បារ៍ប៊ី ហ្ស៊ូ (Barbie Hsu) កាលពីថ្ងៃទី ៣ ខែកុម្ភៈ កន្លងទៅ។ ទន្ទឹមនឹងនេះ ក៏មានមហាជនមួយចំនួននៅលើ Weibo បែរជាយល់ឃើញថា វ៉ាង ស៊ាវហ្វេយ៍ (Wang Xiaofei) គួរតែដើរបន្តទៅមុខទៀត ដោយបាននិយាយថា ការរស់នៅជាមួយអតីតកាល គឺជារឿងដែលពុំអាចទៅរួចឡើយ ជាពិសេសបន្ទាប់ពីគេបានលែងលះជាមួយ បារ៍ប៊ី ហ្ស៊ូ (Barbie Hsu) ជាច្រើនឆ្នាំមកនេះ៕