ស៊ឹងរិ (Seungri) អតីតសមាជិកក្រុម ប៊ីគប៊ែង (Big Bang) ចេញមកបដិសេធជុំវិញព័ត៌មានចចាមអារ៉ាមថា នឹងចាកចេញពីប្រទេសកូរ៉េខាងត្បូង ដោយទៅធ្វើមុខជំនួញនៅឯប្រទេសចិន។ យ៉ាងណាមិញ នៅក្នុងកិច្ចសំភាសន៍ជាមួយ Daily Sports តារាប្រុសរូបនេះបានឱ្យដឹងថា ព័ត៌មានទាំងនោះគឺជាព័ត៌មានមិនពិត។ លោកបានបញ្ជាក់ច្បាស់ៗថា លោកគ្មានបំណងចាកចេញពីប្រទេសកំណើតរបស់ខ្លួនឡើយ ហើយក៏គ្មានគម្រោងធ្វើជំនួញអ្វីនោះដែរ ប៉ុន្តែអាចនឹងចេញទៅក្រៅប្រទេសក្នុងកិច្ចការផ្ទាល់ខ្លួន ដូចជាទៅជួបអ្នកស្គាល់គ្នា ឬទៅចូលរួមពិធីមង្គលការជាដើម។ តារាចម្រៀងរូបនេះបន្តថា “មានគេនិយាយពីថា ខ្ញុំបានស្គាល់ជាមួយទាយាទជំនាន់ទីបីរបស់ក្រុមហ៊ុនធំមួយ ប៉ុន្តែនោះគឺមិនមែនជារឿងពិតទេ។ ខ្ញុំមានមិត្តភក្តិបរទេសច្រើននាក់ ដូចនេះខ្ញុំតែងតែជួបពួកគេជាធម្មតា ប៉ុន្តែខ្ញុំគ្មានគម្រោងធ្វើជំនួញបន្តទៀតឡើយ”។
ស៊ឹងរិ (Seungri) ឱ្យដឹងបន្តថា ពេលនេះលោកកំពុងរស់នៅជាមួយគ្រួសារ និងប្រើជីវិតយ៉ាងមានសេចក្តីសុខ។ លោកបាននិយាយចំៗទៅកាន់មហាជនមួយចំនួនថា ពួកគេអាចនឹងសប្បាយក្នុងការជេរ ឬវិភាគរូបលោក ដោយហៅរូបលោកថា ជាមនុស្សបរាជ័យ។
ជាមួយគ្នានេះ ស៊ឹងរិ (Seungri) ក៏បានធ្វើការសុំទោសទៅកាន់មហាជន និងសន្យាថា នឹងមានការប្រុងប្រយ័ត្នលើរឿងផ្ទាល់ខ្លួនឱ្យបានខ្លាំងជាងនេះ ដើម្បីជៀសវាងការកើតមានជម្លោះផ្សេងៗ និងព្យាយាមកែប្រែរូបភាពដែលបានកើតមានកន្លងមកឱ្យមើលទៅជាមនុស្សដែលមានទំនួលខុសត្រូវជាងមុនថែមទៀត។
គួរឱ្យដឹងថា កាលពីឆ្នាំ ២០២០ ស៊ឹងរិ (Seungri) ត្រូវបានប្តឹងជាច្រើនករណីជុំវិញ Burning Sun និងត្រូវបានសាលក្រមកាត់ក្តីឱ្យជាប់គុករយៈពេល ៣ ឆ្នាំ និងពិន័យជាទឹកប្រាក់ចំនួន ១.១៥ ពាន់លានវ៉ុនផងដែរ៕