កណ្តាល ៖ 

បុរសម្នាក់បានទៅលេងផ្ទះកូន បន្ទាប់មកប្រុងត្រលប់ទៅផ្ទះវិញទាំងយប់ ប៉ុន្តែត្រូវបានកូនចៅឃាត់ឲ្យនៅសម្រាក១យប់សិនទៅចាំព្រឹកឡើងចាំពួកគេជូនទៅផ្ទះ វិញប៉ុន្តែគាត់អត់ស្ដាប់ទេ ខណៈកូនចៅដេកលក់អស់គាត់ក៏បានក្រោកដើរចេញទៅ   បាត់។ ស្រាប់តែព្រឹកឡើងត្រូវបានគេប្រទះឃើញដេកស្លាប់នៅចិញ្ចើមផ្លូវ ដោយមានស្នាមបែកក្បាលហូរឈាមជោកពេញខ្លួន ហើយគ្មាននរណាបានដឹងថាគាត់ស្លាប់ព្រោះអ្វីឡើយ ប៉ុន្តែសមត្ថកិច្ចសន្និដ្ឋានថាគាត់ស្លាប់ដោយសារម៉ូតូបុក។

ហេតុការណ៍នោះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០៨ ខែមេសា  ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៥១ ស្ថិតនៅក្នុងភូមិសេរីសុខា ឃុំដំណាក់អំពិល  ស្រុកអង្គស្នួល ខេត្តកណ្តាល។

បុរសរងគ្រោះមានឈ្មោះ ប៉ូច ខ្លី អាយុ៦៤ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។

ក្រុមគ្រួសាររបស់គាត់បាននិយាយថា ជនរងគ្រោះក្រីក្រណាស់គ្មានម៉ូតូជិះនោះទេ ហើយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ដោយសារតែមានការនឹករលឹកដល់កូនចៅ ដែលកំពុងរស់នៅភូមិសេរីសុខា ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។  គាត់បានដើរចម្ងាយផ្លូវជិត២០គីឡូម៉ែត្រចេញពីផ្ទះរបស់គាត់ នៅឯភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដើម្បីទៅលេងកូនចៅលុះពេលទៅដល់គាត់បានសម្រាកហូបបាយ និងអង្គុយលេងជុំគ្នាជាមួយកូនចៅរហូតដល់ពេលយប់។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលនោះគាត់បានលាកូន និងចៅត្រលប់ទៅវិញ ប៉ុន្តែកូនចៅបានឃាត់ឲ្យដេកនៅទីនោះមួយយប់សិនចាំព្រឹកឡើងកូនចៅជូនទៅផ្ទះវិញ ព្រោះយប់ហើយធ្វើដំណើរតាមផ្លូវស្ងាត់ខ្លាចមានបញ្ហា។ បន្ទាប់មកគាត់ក៏ចូលសម្រាក លុះក្រោយមកពេលកូនចៅដេកលក់អស់គាត់ក៏លួចដើរទៅផ្ទះវិញ ហើយកូនចៅមិនបានដឹងឡើយរហូតព្រឹកឡើងស្រាប់តែគេប្រទះឃើញស្លាប់នៅចម្ងាយប្រមាណ ២គីឡូម៉ែត្រ ពីផ្ទះកូនដោយមានរបួសបែកក្បាលហូរឈាមជោកខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។

ក្រោយពេលកើតហេតុសមត្ថកិច្ចបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅធ្វើកោសល្យវិច័យឃើញជនរងគ្រោះមាន ស្នាមរបួសបែកក្បាល ហើយបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ព្រោះបានប្រទះឃើញបំបែកម៉ូតូម៉ាកហុងដាឌ្រីមស្ថិតនៅទីនោះផងដែរ៕