កណ្ដាល ៖ 

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោស្នងការកម្លាំងជំនាញបានស្រាវជ្រាវឱ្យដឹងថាជាករណីប៉ុនប៉ងមនុស្សឃាតនាយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២១និង៥០នាទី ចំណុចខាងមុខផ្ទះលក់ភេសជ្ជៈ សុនីតា នៅលើកំណាត់ផ្លូវបេតុង ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនរងគ្រោះម្នាក់ ឈ្មោះ ផល វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ

មុខរបរ បុគ្គលិកក្រុមហ៊ុន។ ត្រូវរបួសចំក្បាល និងជើងខាងធ្វេង។ ជនសង្ស័យម្នាក់ឈ្មោះ សែម វិចទ័រ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ គ្មានសារធាតុញៀនក្នុងទឹកនោម។

កម្រិតជាតិអាល់កុលក្នុងខ្លួនចំនួន 0,47 mg/L។ វត្ថុតាងចាប់យករួមមាន រថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-6536 ខូចខាតផ្នែកខាងមុខ(របស់ជនសង្ស័យ)។ ម៉ូតូមួយគ្រឿងម៉ាក Honda សេ៊រី២០២៤ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1KS-4177 ខូចខាតមួយចំនួន(របស់ជនរងគ្រោះ)។

សមត្ថកិច្ចបានឲ្យដឹង និងយោងតាមកាំមេរ៉ាសុវត្ថិភាពនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២១និង៥០នាទី មានជនសង្ស័យឈ្មោះ សែម   វិចទ័រ ភេទប្រុស    អាយុ៣៨ឆ្នាំ ជិះរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6536 បានជិះដេញតាមម៉ូតូមួយគ្រឿងម៉ាក HONDA DREAM បើកបរដោយឈ្មោះ ផល វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ចាប់ពីចំណុចស្តុបតាលន់ លុះមកដល់ផ្លូវបំបែកជា៣ ដោយសារខ្លួនជិះម៉ូតូក្នុងល្បឿនលឿនក៏បានរេចង្កូតដួលនៅមុខផ្ទះលក់ភេសជ្ជៈ ពេលនោះរថយន្តខាងលើបានបើកមកតាមបុកពីក្រោយ ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ បណ្តាលឲ្យខូចខាតអស់មួយចំនួន ហើយម្ចាស់រថយន្តខាងលើក៏បានបើករថយន្តថយក្រោយក្នុងគោងបំណង ជិះមកបុកខ្លួនបន្តទៀតប៉ុន្តែ   រថយន្តនោះខូចទៅមុខមិនរួច ស្រាប់តែអ្នកបើកបររថយន្តនោះ ចុះពីលើរថយន្តមកវាយខ្លួនជាច្រើនដៃបន្ថែមទៀត ពេលនោះក៏មានប្រជាពលរដ្ឋមកជួយឃាត់។ 

តាមការបំភ្លឺរបស់ឈ្មោះ ផល វុទ្ធី ត្រូវជាជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី០៨.០៤.២០២៥ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-6536 បានស៊ីផ្លេ និងគៀម៉ូតូខ្លួននៅចំណុចមុខបុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពិស ពេលនោះខ្លួនក៏បានជិះតាមពីក្រោយរហូតដល់ចំណុចស្តុបតាលន់(ស្តុបកាកបាទក្រហម) រថយន្តខាងលើក៏បានឈប់ចាំភ្លើងស្តុប ពេលនោះខ្លួនក៏បានឈប់ម៉ូតូក្បែររថយន្តនោះ ហើយធ្វើការគោះកញ្ចក់ទ្វារខាងស្តាំ ចំនួន០២ដង បន្ទាប់មកខ្លួនក៏បានជិះម៉ូតូបត់ស្តាំតាមបណ្តោយផ្លូវ២១A រថយន្តខាងលើបានជិះដេញតាមពីក្រោយរហូតដល់ការ៉ាស់សាំងកាលតិច រួចបត់ឆ្វេងចូលទៅផ្លូវប៉េតុង លុះដល់ផ្លូវបំបែកជា៣ បើកមកតាមបុកពីក្រោយ ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះបណ្តាលឲ្យខូចខាតអស់មួយចំនួន។ បន្ទាប់មកក៏មានសមត្ថកិច្ចចុះទៅដល់ធ្វើការឃាត់ខ្លួនអ្នកបើករថយន្ត យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចំណែកខ្លួនក៏បានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីពេទ្យជ័យជំនះ។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា គាត់ពិតជាបានជិះរថយន្តបុកម៉ូតូជនរងគ្រោះប្រាកដមែន ព្រោះខឹងជនរងគ្រោះបានវាយកញ្ចក់រថយន្តរបស់គាត់។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងតាមនីតិវិធី៕