កណ្តាល៖ 

ផ្តើមចេញពីជនរងគ្រោះ ទៅដកប្រាក់ដែលមានតែ១០ដុល្លា ( ស្មើ ៤០០០០រៀល) នៅតូបទ្រូម៉ានីក្បែរផ្ទះ តែម្ចាស់តូបបើកអោយតែ ៣៥៥០០រៀល កើតជាជម្លោះឈ្លោះប្រកែកតឹងសសៃករ រហូតក្លាយជា ហិង្សាដោយចេតនា ត្រូវសមត្ថកិច្ច នាំយកទៅបុស្តិ៍ទាំងអស់គ្នា និងធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាម្ចាស់តូបទ្រូម៉ានី ដែលហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២០ខែមេសាឆ្នាំ២០២៥ នៅចំណុចភូមិព្រែកសំរោង(៣) សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

លោកវរៈសេនីយ៏ត្រី ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាលរដ្ធបាលតាខ្មៅ បានប្រាប់អោយដឹងថា÷ជនរងគ្រោះមានចំនួន ០២នាក់ ។ 

១- ឈ្មោះ សៀក សុវណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ (ត្រូវជាប្តី)។ មាន របួសពកក្បាលមួយកន្លែងនិងរបួសត្រង់ដៃខាងឆ្វេងមួយកន្លែង។  ២-ឈ្មោះជៃ សៀងហៃ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ  មុខរបរ រោងចក្រ (ត្រូវជាប្រពន្ធ) មានទីលំនៅ ក្នុងភូមិសង្កាត់កើតហេតុ មិនមានរងរបួសទេ ។ ចំនែកជនសង្ស័យមាន ចំនួន០២នាក់÷១-ឈ្មោះសៀង គីមសាន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ (ត្រូវជាប្តី) រងរបួសពកថ្ងាសមួយកន្លែងនិងរលាត់ត្រចៀកខាងស្តាំ០១កន្លែង( ឃាត់ខ្លួន) ២-ឈ្មោះជិន ណារ៉ូ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ( ត្រូវជាប្រពន្ធ) របួសត្រង់ផ្ទៃមុខ រលាត់ត្រង់ត្របកភ្នែកខាងស្តាំនិងខៀវត្របកភ្នែកខាងឆ្វេងផ្នែកខាងលើព្រមទាំងរលាត់ចង្កាផ្នែកខាងក្រោម  និងមានទីលំស្ថឹតក្នុងភូមិសង្កាត់កើតហេតុជាមួយគ្នា ។

ចំពោះវត្ថុតាងចាប់យក៖ -ទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPO, កំណាត់ឈើមូល២កំណាត់, ខ្សែក្រវ៉ាត់០១។ រីឯសម្ភារៈខូចខាត៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPO ពណ៌ខៀវ។

តាមចម្លើយឆ្លើយរបស់ជនសង្ស័យ បានអោយដឹងថា÷គាត់ ពិតជាបានប្រតាយប្រតប់ជាមួយជនរងគ្រោះ ហើយបានចូលក្នុងផ្ទះយកដងឈើមូល វាយជនរងគ្រោះបណ្តាលអោយមានរបួសស្នាមពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅការិយាល័យកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕