យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើអគារមួយកន្លែងក្នុងតំបន់ ហាដាត់ (Hadath) ជាយក្រុងភាគខាងត្បូងទីក្រុង Beirut ដោយបានបំផ្លាញអគារមួយទាំងស្រុង និងលំនៅដ្ឋានក្បែរនោះ។ នេះជាលើកទីបីហើយដែលជាយក្រុងភាគខាងត្បូងទីក្រុងបេរូត រងការវាយប្រហារ ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចូលជាធរមានកាលពីខែវិច្ឆិកាកន្លងទៅ។ យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់បានរាយការណ៍ថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបើកការវាយប្រហារដោយគ្រាប់មីស៊ីលចំនួន 3 គ្រាប់ ដោយបានបំផ្លាញទីតាំងឃ្លាំងមួយកន្លែង និងបង្កការខូចខាតដល់អគារ និងយានជំនិះក្បែរនោះ ខណៈដែលមិនទាន់មានរបាយការណ៍អំពីការស្លាប់ និងរងរបួសនៅឡើយទេ។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊េនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការវាយប្រហារដ៏មានឥទ្ធិពល" បានកំណត់គោលដៅលើ "ហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហេសបូឡា រក្សាទុកអាវុធគ្រាប់មីស៊ីល"។