មណ្ឌលគិរី ៖ 

គិតត្រឹមរយៈពេលបីខែដើមឆ្នាំ២០២៥នេះ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃណាមលៀរ-ស្រែពក បានជួបប្រទះហេតុការបាញ់តដៃពីសំណាក់ក្រុមព្រានព្រៃចំនួនបីដង ដែលពួកគេបានចូលទៅតំបន់ហាមឃាត់បបាញ់សត្វ បង្កឲ្យមានការព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពមន្ត្រីជំនាញ ។

យោងតាមរបាយការណ៍ដែលទើបទទួលបាននាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៧និង៥០នាទីព្រឹក មន្ត្រី ឧទ្យានុរក្សចំនួន៥នាក់ បំពាក់ដោយអាវុធCKCចំនួន៥ដើម និងមន្ត្រីសត្តរក្សចំនួន២នាក់ នៃការិយាល័យដែនជម្រកសត្វព្រៃណាមលៀរ-ស្រែពក បានធ្វើការចុះល្បាតត្រង់ចំនុចផ្លូវត្រពាំងកក់ ស្ថិតក្នុងភូមិសាស្ត្រភូមិកោះម្យើលលើ ឃុំណងឃីឡឹក            ស្រុកកោះញែក  បានជួបក្រុមជនសង្ស័យចំនួន២នាក់ ជិះម៉ូតូចំនួន០១គ្រឿង ប្រដាប់ដោយអាវុធម៉ាកAKស្វាយបត់១ដើម។

ខណៈនោះក្រុមការងារមន្ត្រីឧទ្យានុរក្ស បានស្រែកឃាត់ឲ្យជនសង្ស័យឈប់ម៉ូតូដើម្បីសួរនាំ តែផ្ទុយទៅវិញជនសង្ស័យបានធ្វើការបាញ់ប្រហារមកលើមន្ត្រីជាច្រើនគ្រាប់ តែជាសំណាងល្អក្នុងហេតុការផ្ទុះអាវុធនេះមិនមានមន្ត្រីជំនាញណាម្នាក់រងរបួសឡើយ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយស្ងប់ស្ងាត់ការផ្ទុះអាវុធ មន្ត្រីឧទ្យានុរក្សបានវិលត្រឡប់មកកាន់ស្នាក់វិញដោយសុវត្តិភាព។

តាមការបញ្ជាក់ពីមន្ត្រីជំនាញ ករណីផ្ទុះអាវុធ និងការផ្ជុងគម្រាមកំហែងពីសំណាក់ជនសង្ស័យនេះ គឺជាលើកទី៣ហើយ ដែលបច្ចុប្បន្នមន្ត្រីមានការព្រួយបារម្មណ៍ពាក់ព័ន្ធនឹងសុវត្តិភាពផ្ទាល់ខ្លួនក្នុងពេលចុះល្បាតម្តងៗ ដោយគិតថាគ្មានសុវត្តិភាព។ ដោយមន្ត្រីជំនាញស្នើសុំឲ្យមានកិច្ចសហការពីកងកម្លាំងសមត្ថកិច្ច ដើម្បីធ្វើការបង្រ្កាបក្រុមជនសង្ស័យបរបាញ់សត្វព្រៃ ដែលប្រើប្រាស់អាវុធបាញ់មកលើក្រុមមន្ត្រីជំនាញការពារព្រៃឈើដោយគ្មានញញើតនិងច្បាប់៕