ភ្នំពេញ ៖ 

ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ត្រូវរថយន្តធុនធ្ងន់កិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលជិះកង់ទៅរៀនត្រូវម៉ូតូបុកពីក្រោយ ហើយដួលខ្ទាតចូលក្រោមកង់រថយន្ត។ 

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង ៣០ នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវលេខ២០១១ ត្រង់ចំណុចក្បែរវត្តឈូកវ៉ា ក្នុងភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់រថយន្ត និងម៉ូតូបានបើកគេចបាត់។ 

ក្មេងប្រុសរងគ្រោះឈ្មោះ សី   វិរៈសិទ្ធ អាយុ ៩ឆ្នាំ ជាសិស្សថ្នាក់ទី៤សាលាបឋមសិក្សារវត្តជុំ មានទីលំនៅភូមិអង្គតាកូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 

តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្មេងប្រុស រងគ្រោះបានជិះកង់១គ្រឿងពណ៌ផ្កាឈូកចេញពីផ្ទះទៅរៀននៅសាលាបឋមសិស្សារវត្តជុំបានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០១១ ក្នុងទិសដៅពីលិចទៅកើត។ នៅពេលទៅដល់ត្រង់ចំណុចកើតហេតុមានម៉ូតូ១គ្រឿងមិនចាំម៉ាក និងស្លាកលេខបានបើកមកបុកកង់ក្មេងប្រុសរងគ្រោះពីក្រោយ បណ្តាលអោយដួលខ្ទាតទៅខាងឆ្វេងដៃទៅពាក់        កណ្តាលផ្លូវស្របពេលនោះមានរថយន្តធន់ធ្ងន់១គ្រឿងសណ្តោងរ៉ឺម៉កដឹកគ្រឿងចក្រពណ៌ខ្មៅលាយក្រហមមួយគ្រឿងធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាហើយកង់ក្រោយកិនចំក្បាលក្មេងប្រុសបែកធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម។ តាមព័ត៌មានបានអោយដឹងទៀតថាបន្ទាប់កើតហេតុរថយន្ត និងម៉ូតូបង្កបានបើករត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញមូលរដ្ឋានបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយកកង់ក្មេងប្រុសទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌព្រែកព្នៅដើម្បីរងចាំធ្វើការស្រាវជ្រាវរករថយន្ត និងម៉ូតូបង្កទាំង២គ្រឿងដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពក្មេងប្រុសរងគ្រោះត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕