ស្រីស្អាត រី ស្រីនេត មហាជនអ្នកគាំទ្រមានការស្គាល់យ៉ាងច្បាស់ ថាធ្លាប់បានតំណាងឱ្យខេត្តស្វាយរៀង នៅក្នុងការប្រកួតប្រជែងសម្រស់របស់កម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២៤។ នៅអំឡុងពេលប្រកួត ស្រីស្អាតរូបនេះ ចាត់ទុកថាជាជើងខ្លាំងមួយរូប និងទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់តាមរយៈការលេងស្ទីលថ្មីប្លែកខុសពីបេក្ខនារីដទៃ។ យ៉ាងណាមិញ ស្រីនេត ក៏មិនបានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនមានការខកបំណងចំពោះការប្រលងរបស់នាងផងដែរ ពោលគឺស្រីស្អាតរូបនេះ អាចឈានទៅដល់វគ្គកាន់ដៃ ជាមួយកញ្ញា ប៊ី សុធារី ដ៏នឹកស្មាន និងថែមទាំងទទួលបានលំដាប់រងទី១ពីការប្រកួតមួយនេះផងដែរ។

ទន្ទឹមនឹងភាពជោគជ័យពីវិស័យប្រកួតសម្រស់ បច្ចុប្បន្ន ស្រីនេត ហាក់មានការមមាញឹកនឹងវិស័យសិល្បៈជាខ្លាំង ដោយថ្មីៗនេះ បវរកញ្ញាខាងលើក្តោបបានតំណែងជាតួអង្គធំៗ ទាំងនៅក្នុងខ្សែភាពយន្តភាគ ភាគយន្តដុំ និង ទូតសុច្ឆន្ទៈឱ្យផលិតផលផ្សេងៗជាដើម។ បើតាមការឱ្យដឹងពីកញ្ញា រី ស្រីនេត នៅក្នុងឆ្នាំ ២០២៥ នេះ កញ្ញានឹងសម្តែងជាតួឯកឱ្យផលិតកម្មក្នុងស្រុកជាច្រើន ដែលសុទ្ធសឹងតែជារសជាតិថ្មីប្លែកសម្រាប់ខ្លួន។ នៅក្នុងនោះ រឿងដែលកញ្ញាគិតថានឹងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន គឺរឿងប្រភេទបែប GL ដែលជារឿងកំពុងមានសន្ទុះនៃការគាំទ្រខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ស្រីនេត បានឱ្យដឹងបន្តថា នៅក្នុងរឿង GL នេះ កញ្ញានឹងត្រូវដើរជាអង្គដែលមានអត្តចរិតបែបមនុស្សប្រុស។ ចំណែកឯសាច់រឿងវិញ មានការចាក់ស្រេះប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញផងដែរ។

ស្រីស្អាតដែលមានងារជាបវរកញ្ញា រី ស្រីនេត រូបនេះបន្ថែមទៀតថា ការចាប់ផ្តើមសម្តែងនៅក្នុងរសជាតិថ្មីនេះ គឺជួបការលំបាកច្រើន ប៉ុន្តែដោយចិត្តស្រឡាញ់ និងចង់ឱ្យរឿងចេញមកល្អ និងទទួលបានការស្រឡាញ់ចូលចិត្តពីមហាជន ស្រីនេតបានសន្យាថា នឹងព្យាយាមសម្តែងចេញមកឱ្យបានល្អឥតខ្ចោះ មិនឱ្យអ្នកគាំទ្ររបស់ខ្លួនមានការខកបំណងឡើយ៕