ភ្នំពេញ៖
បុរសជាជនបរទេសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកបុរសម្នាក់ដើរថ្មើជើង បណ្ដាលឱ្យដួលបាក់ជើងម្ខាងហើយភ្លាមនោះ ជនបរទេសបានលើកម៉ូតូបន្តល្បឿនបើករត់ តែក៏ជ្រុលទៅបុករថយន្ត Alphard មួយគ្រឿងទៀត បើកនៅពីមុខរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 12:30 នាទីរំលងអាធ្រាតឈានចូលថ្ងៃទី30 ខែមេសាឆ្នាំ 2025 ត្រង់ចំណុចទល់មុខនិងវិទ្យា ល័យព្រះស៊ីសុវត្ថិ ស្ថិតនៅលើផ្លូវព្រះនរោត្តមសង្កាត់ផ្សារថ្មីទី 3 ខណ្ឌដូនពេញ។
បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសជនបរទេសជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1IJ-6921ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន។
ខណៈពេលជិះមកដល់ចំណុចកើតហេតុមិនបានប្រយ័ត្នក៏ជ្រុលទៅបុកបុរសម្នាក់ដែលដើរថ្មើរជើងយកសំរាមទៅចោលពេញទំហឹង បណ្ដាលឲ្យដួលបាក់ជើងម្ខាង រងរបួសធ្ងន់ ។ ភ្លាមនោះដែរ ជនបរទេសក៏បានលើកម៉ូតូបម្រុងនឹងជិះរត់គេចខ្លួន តែអកុសលក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតថ្មីស្រឡាង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2CA-2027 ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលអោយរថយន្តរងការខូចខាតយ៉ាងដំណំ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុកជាបណ្ដោះអាសន្ន រង់ចាំភាគីសងខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕