ខេត្តបាត់ដំបង ៖
ក្មេងប្រុសអាយុជាង០៣ឆ្នាំម្នាក់បានលង់ទឹកស្រះស្លា.ប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចស្រះទឹកក្នុងបរិវេណសាលាទិចណូ ស្ថិតក្នុងក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានរស់នៅជាមួយជីដូនចាស់ រស់នៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយឪពុកម្តាយចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃ លុះវេលាម៉ោង១២ ថ្ងៃខែដដែល ក៏បានបាត់ក្មេងប្រុសមិនឃើញ ទាំងជីដូន ទាំងមីងមាបងប្អូនក៏បាននាំគ្នាចេញស្វែងរកជាច្រើនកន្លែង លុះក្រោយមក នៅវេលាម៉ោងជាង១៤រសៀល ក៏បាននាំគ្នាមករកនៅស្រះទឹកក្នុងរបងបរិវេណសាលាទិចណូ ក៏ប្រទះឃើញស្បែងជើង ទើបនាំគ្នាចុះរាវរក ក៏ប្រទះឃើញស.ពក្មេងប្រុសនៅក្នុងទឹកស្រះតែម្តង ។
ប្រភពដដែលបានបញ្ជាក់ថា សពក្មេងរងគ្រោះមានឈ្មោះ សុខា វីន ភេទប្រុស អាយុ៣ឆ្នាំ៦ខែ ដែលមានឪពុកឈ្មោះ នី សុភក្រ័ អាយុ៣៦ឆ្នាំ ម្តាយឈ្មោះ វីត សាវីអាយុ៣៤ឆ្នាំ មានទីលំនៅភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យរួចធ្វើកំណត់ហេតុប្រគល់ស.ពក្មេងរងគ្រោះអោយក្រុមគ្រួសារដើម្បីយកទៅធ្វើកិច្ចតាម ប្រពៃណី៕